fbpx

តម្លៃមើមដំឡូងមីនៅខេត្តបាត់ដំបងឡើងតិចតួច ខណៈដែរកសិករមួយចំនួន មិនទាន់ប្រមូលផលនៅឡើយ

អត្ថបទដោយ រាជ មេសា
133 views

កសិករនៅខេត្តបាត់ដំបង បានចាប់ផ្តើមប្រមូលផលដំឡូងមីរបស់ខ្លួនជាបណ្តើរៗ ខណៈតម្លៃមើមដំឡូងបានស្ទុះឡើងបន្តិចនៅដើមខែកុម្ភ:នេះ ប៉ុន្តែក៏មានកសិករខ្លះទៀតមិនទាន់ប្រមូលផលនៅឡើយ ដោយរង់ចាំប្រមូលនៅចន្លះពីខែមីនា ដល់ខែមេសា ខាងមុខនេះដោយរំពឹងថា តម្លៃនឹងអាចល្អជាងនេះទៀត ។

កសិករដែលបានប្រមូលផល ចាប់ពីចុងខែមករា និងដើមខែកុម្ភៈបានឱ្យដឹងអំពីហេតុផលផ្សេង ៗពីគ្នាថា ការប្រមូលផលឆាប់យ៉ាងនេះ ដោយសារតែពួកគាត់បានដាំមុនគេ និងកុំឱ្យមើមដំឡូងចុះខ្សោយគុណភាពផង ហើយខែកុម្ភៈនេះព្រះអាទិត្យក្តៅខ្លាំងហាលឆាប់ស្ងួត ។ ម៉្យាងពួកគាត់ក៏ត្រូវការលក់ ដើម្បីបង្វិលថវិកាឱ្យម្ចាស់បំណុល ដែលបានសន្យាសងផង ទើបពួកគាត់ឆាប់ប្រមូលផលបែបនេះ ។

លោក ប៊ុន សាញ់ កសិករនៅភូមិស្លរខ្លាញ់ ឃុំបរវេល ស្រុកបរវេល បានឱ្យដឹងថា តម្លៃមើមដំឡូងមីឆ្នាំនេះចាប់ផ្តើមឡើង ប៉ុន្តែទិន្នផលដែលកសិករយើងធ្វើបានគឺធ្លាក់ចុះ ព្រោះអាកាសធាតុមិន ល្អ ។

ចំណែកអ្នកស្រី សាន មុំ ដែលមានចម្ការដំឡូង ៥ហិកតា ស្ថិតនៅស្រុកបាណន់ បានរៀបរាប់ថា អ្នកស្រីចាប់ប្រមូលក្នុងខែកុម្ភៈនេះ គឺតម្រូវទៅតាមទីផ្សារ ដែលមានឈ្មួញមកយកដល់កន្លែងមិនពិបាកដឹកទៅលក់ ។ ណាមួយដំឡូងអ្នកស្រី ក៏ល្មមដល់ពេលប្រមូលដែរ ចំណែកតម្លៃឆ្នាំនេះបានកើនជាងឆ្នាំមុនច្រើនគួរសម ។ កាលពីរដូវប្រមូលផលឆ្នាំមុនលក់បានតែ ៣៤៣រៀលក្នុង ១គីឡូក្រាម សម្រាប់មើមស្រស់ និងមើមស្ងួតលក់បាន ៨១៤រៀលក្នុង១គីឡូក្រាម។ ឆ្នាំនេះមើមស្ងួតបានកើនជាងឆ្នាំមុន ១០០រៀលក្នុង ១គីឡូក្រាម ។ ម្យ៉ាងទៀតអ្នកស្រីប្រញាប់យកដីដាក់ដាំដំណាំផ្សេងទៀត ទម្រាំដល់ពេលដាំដំឡូងនៅឆ្នាំក្រោយ ។ ណាមួយលោកស្រីត្រូវការបង្វិលលុយឱ្យគេបានគ្រប់ចំនួនផងព្រោះការដាំដំឡូង ត្រូវការដើមទុនដែលខ្ចីពីមីក្រូហិរញ្ញវត្ថុក្នុងស្រុក ។

ចំណែកកសិករ នៅស្រុកភ្នំព្រឹកឯណោះវិញ គឺលោក ខ្លូត រិនដា អាយុ ៤៣ឆ្នាំ ជាកសិកររស់នៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឱ្យដឹងដែរថា ឆ្នាំនេះលោកបានដាំដំឡូងមីលើផ្ទៃដី ២០ហិកតា បើទោះបីប្រឈមការរាំងស្ងួត តែផលដំឡូងលោកមិនប៉ះពាល់អ្វីទេ ។ លោកបន្តថា ដំឡូងមីរបស់លោករង់ចាំប្រមូលផលនៅចន្លោះពីខ មិនា និងខែមេសាខាងមុខ ដោយលោកលើកហេតុផលថា ដំណាំដំឡូងមីបើចង់ប្រមូលផល គឺទុកឱ្យបានរយៈពេល ១ខួប ឬ ១ខួប ២ ខែទើបប្រមូលនោះ វានឹងហុចទិន្នផលតាមការរំពឹងទុក ។ តែកុំឱ្យទុកលើសពីនេះវាអាចប្រឈមការខូចគុណភាព ។

លោកបានបន្តថា រយ:ពេលដែលលោកកំណត់ នៃការប្រមូលទិន្នផលនេះ គឺមានផលប្រយោ ជន៍ច្រើន ក្នុងនោះលោកបានចំណូលថវិកាពីការលក់ដើម ហើយទិន្នផលមើមក៏បានប្រសើរ និង អាចរង់ចាំការកើនតម្លៃផងដែរ ។ តែលោកថា ការរង់ចាំប្រមូលនៅអំឡុងពេលខាងលើនោះ វាក៏មានកត្តាប្រឈមខ្លះដែរ គឺហាលមិនងាយស្ងួត បើមានធ្លាក់ភ្លៀងកក់ខែ ។

កសិកររូបនេះបន្តទៀតថា បច្ចុប្បន្នមានឈ្មួញមករចចាតម្លៃរួចហើយ គឺថ្លៃលើសឆ្នាំមុនត្រឹមតែ១០០រៀល ក្នុង១គីឡូក្រាម សម្រាប់មើមស្ងួត គឺតម្លៃ ៨១៤រៀល ក្នុង១គីឡូក្រាម ខណ: ឆ្នាំមុនបានតែ៧១៣រៀល ។

លោកបន្តថា ក្នុងរយ:ពេលដែលខ្ញុំប្រមូលផល ដើមដំឡូងក៏លក់បានថ្លៃដែរ ក្នុង១បាច់មាន១៥ឬ ២០ដើម ឆ្នាំមុនលក់បានពីន្លោះ ៤ ០០០ទៅ៥​០០០រៀល បើសិនជាដល់រដូវដាំ កសិករផ្សេងខ្វះដើមដាំ អាចលក់បាន ១បាច់១ម៉ឺនរៀលផងដែរ ក្នុងកាល:ទេស:ខ្វះដើមដាំច្រើនគ្នា ដោយសាពួកគាត់ប្រមូលផលដោយមិនបានគិតអំពី រដូវកាលដែលបន្សល់ដើមសម្រាប់ដាំបន្ត ។

មន្ត្រីនៃមន្ទីរកសិកម្មខេត្ត លោក ហេង សិទ្ធ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២៤ថា ទីផ្សារដំឡូងមីឆ្នាំនេះ បើធៀបឆ្នាំមុនវាប្រហាក់ប្រហែលគ្នា គឺទីផ្សារនៅថេរ តែមើមដំឡូងស្ងួតតម្លៃអាចកើនឡើងបន្តិចបន្ទួច នឹងអាចឡើងបន្តបន្ទាប់ទៀត ព្រោះទំហំផ្ទៃដីដាំដុះធ្លាក់ចុះ មិនគ្រប់តម្រូវការទីផ្សារ ។ ផ្ទៃដីដាំដំឡូងមីឆ្នាំនេះលោកថា មានការថយចុះខ្លាំង ខណ:ឆ្នាំនេះមានទំហំដី ៩៥ ០០០ហិកតា បើធៀបឆ្នាំមុន មានរហូតដល់ ១៣៦ ០០០ហិកតា តែទិន្នផលឆ្នាំនេះជាទូទៅហាក់មានកំណើន មិនមានការប៉ះពាល់ធ្ងន់ធ្ងរនោះទេ ស្របពេលបច្ចុប្បន្នទីផ្សារក៏នៅរក្សា ប្រហាក់ប្រហែលឆ្នាំមុនផងដែរ កសិករអាចទទួលយកបាន ៕

អត្ថបទពាក់ព័ន្ធ