fbpx

ចុងភៅចំនួន៥ខេត្ដ បានចងក្រងសៀវភៅកំណត់មុខម្ហូបសម្គាល់ នៅតំបន់ឦសាន្ដប្រទេស

អត្ថបទដោយ រាជ មេសា
127 views

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចុងភៅចំនួន៥ខេត្ដនៅតំបន់ឦសាន្ដប្រទេស បានចង​ក្រង​សៀវភៅ​កំណត់​មុខម្ហូប សម្រាប់សំគាល់ខេត្ដរបស់ខ្លួន។ ការចងក្រងសៀវភៅមុខម្ហូបនេះ បន្ទាប់​ពី​ពួក​គាត់​បានបញ្ចប់វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញចុងភៅ សម្រាប់គ្រូបង្គោល ដែល​ធ្វើ​ឡើង​នៅ​ភូមិវាល សង្កាត់ជ្រាវ ខេត្ដសៀមរាប។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជា​ប្រធាន​គណៈកម្មការ​គ្រប់​​គ្រង​គម្រោងហូកានៃក្រសួងទេសចរណ៍ បានលើកឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះថា គម្រោង​ហូកា ដែលបាន​បណ្ដុះ​បណ្ដាល​ជំនាញ​ចុងភៅ​កំណត់​មុខម្ហូប​ប្រចាំ​ខេត្ដ​នេះ​មាន​ចំនួន​១២​ខេត្ដ ប៉ុន្ដែគម្រោងនេះ បានអនុវត្ដចំនួន៥ខេត្ដនៅតំបន់ឦសាន្ដ។ខេត្ដទាំង៥នេះ រួមមាន ខេត្ដ​ព្រះវិហារ ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដមណ្ឌលគីរិ និងរតនគីរី ដោយចំនួន៥ខេត្ដនេះ មាន​មុខម្ហូប សម្រាប់សំគាល់តំបន់របស់ខ្លួន ដោយបានចងក្រងជាសៀវភៅនូវរូបមន្ដដើម និង​មាន​ភាព​ច្បាស់លាស់ ដើម្បីឱ្យមុខម្ហូបនេះមានស្ដង់ដា សម្រាប់សំគាល់ខេត្ដ។ លោកបន្ដថា បើ​ទោះ​បី​មុខ​ម្ហូបនិមួយៗត្រូវមាននៅតាមបណ្ដាខេត្ដផ្សេងក៏ដោយ ក៏ខេត្ដទាំង៥នោះ ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់​លាស់ចំនួន ២០មុខម្ហូប។ មុខម្ហូបនៅខេត្ដទាំង៥ ដូចជា ខេត្ដព្រះវិហារ មាន​មុខ​ម្ហូប​អង្ក្រង​ខាំគោ ខេត្ដក្រចេះ មានមុខម្ហូបភ្លាត្រីក្រូចថ្លុង ខេត្ដមណ្ឌលគិរី មានមុខម្ហូបបុកគល់ស្លឹកគ្រៃ ខេត្ដស្ទឹងត្រែងមានមុខម្ហូបយ៉ាវហន ភ្លាជ្រលក់ត្រីក្អែក ខេត្ដរតនគិរី មានមុខ​ម្ហូបសម្ល​ព្រោង​បំពង់​ឫស្សី​ជាដើម។ លោកបន្ដថា មុខម្ហូបនិមួយៗដែលគម្រោងហូកាបណ្ដុះបណ្ដាលចុងភៅជំនាញ នៅ​តាម​បណ្ដាខេត្ដ ពិតជាមានប្រចាំនៅក្នុងខេត្ដព្រោះថា នៅពេល​បណ្ដុះ​បណ្ដាល​មាន​ម្ចាស់​អាជីវកម្ម​នៅ​ជាមួយផ្ទាល់។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍គាំទ្រចំពោះការចង​ក្រង​សៀវភៅ​កំណត់​មុខ​ម្ហូប សម្រាប់សំគាល់មុខម្ហូបប្រចាំខេត្ដនៅភូមិភាគឦសាន្ដ។លោកបន្ដថា ខេត្ដ​គោល​ដៅ​ទាំង​ត្រូវកំណត់ឱ្យបានច្បាស់លាស់ ទាំងទីតាំងលេខទូរស័ព្ទទំនាក់ទំនង ដើម្បីងាយ​ស្រួល​ការ​រៀបចំ​កម្ម​វិធីដើរកម្សាន្ដរបស់អ្នកទេសចរ និងអាជ្ញាធរខេត្ដ​ចូល​រួម​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរ​នៃ​ខេត្ដទាំង៥នោះ។ ជាមួយគ្នានេះ លោកក៍សម្ដែងការស្វាគមន៍​ចំពោះ​សិក្ខាកាម​ដែល​បាន​បណ្ដុះ​បណ្ដាលពង្រឹងសមត្ថភាពជំនាញរបស់ខ្លួននៅក្នុងខេត្ដសៀមរាប។

លោក គង់ ដារា ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញSDP មាប្រសាសន៍ថា វគ្គបណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​បច្ចេកទេសជំនាញចុងភៅនេះ ជាការជួយពង្រឹងសមត្ថភាព និងការលើកស្ទួយ​ដល់​វិស័យ​ម្ហូប​អាហារនៅកម្ពុជា ដែលផ្តោតលើ វិធីសាស្ត្របង្រៀន ដែលជួយអោយសិក្ខាកាម ងាយ​យល់ និងទទួលបាននូវចំណេះដឹង ជំនាញនិងចំណេញពេលវេលា ខណៈ​ដែល​មេ​ចុង​ភៅ​ទាំង៥ ខេត្ដ​ក្នុង​តំបន់ភូមិភាគឦសាន្ដនោះ មានចំណេះដឹង និង​ជំនាញ​ពិតប្រាកដ​ទាំង​ម្ហូប​ខ្មែរ​និង​ម្ហូប​បរទេស។ ការបណ្ដោះបណ្ដាលជំនាញនេះ អនុវត្ដដោយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់​កាល​ទី២ (២០២០ – ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) ក្នុង​សម្ព័ន្ធ​ជាមួយ involas និងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង​ទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខេត្ត​គោល​ដៅ​ចំនួន​១០ គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន។ សកម្មភាពរបស់កម្មវិធី SDP ត្រូវបាន​កិច្ច​សហការ​យ៉ាង​ជិតស្និតជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថាន​ផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាស​ធុន​តូច​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕

អត្ថបទពាក់ព័ន្ធ