នៅពេលដែលនាយករដ្ឋមន្ត្រី Anthony Albanese ធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃសៅរ៍ លោកនឹងក្លាយជាមេដឹកនាំអូស្ត្រាលីដំបូងគេដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេលប្រាំពីរឆ្នាំមកនេះ។
នេះអាចជាសញ្ញានៃការបញ្ចប់ការផ្អាកដែលបង្កឡើងដោយជម្លោះដ៏តឹងរ៉ឹងរួមទាំងការដាក់ទណ្ឌកម្មជាច្រើនរបស់ចិនលើទំនិញអូស្ត្រាលីនិងការចោទប្រកាន់ទៅវិញទៅមកអំពីការជ្រៀតជ្រែកពីបរទេស។
កាលពីខែមុន ប្រទេសចិនបានប្រកាសដោះលែងអ្នកកាសែតជនជាតិអូស្ត្រាលីដើមកំណើតចិន Cheng Lei ដែលត្រូវបានឃុំខ្លួនអស់រយៈពេលជាង ៣ ឆ្នាំពីបទចោទប្រកាន់អំពីបញ្ហាសន្តិសុខជាតិ។ ភាគីទាំង ២ បាននិយាយផងដែរថាខ្លួននឹងពិនិត្យឡើងវិញនូវពន្ធលើការនាំចេញរបស់អូស្ត្រាលី។
ខាងភាគីអូស្ត្រាលីបានផ្អាកសកម្មភាពដែលខ្លួនបានធ្វើប្រឆាំងនឹងប្រទេសចិននៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានបំភ្លឺការជួលរបស់ចិននូវកំពង់ផែសំខាន់មួយនៅទីក្រុងដាវីន។