fbpx

ចិន ហាមមន្រ្តីក្នុងជួររដ្ឋាភិបាលខ្លួន មិនឱ្យប្រើ iPhone ជះឥទ្ធិពល ធ្វើឱ្យភាគហ៊ុន Apple ធ្លាក់ចុះជិត 200ពាន់លានដុល្លារ

អត្ថបទដោយ ពិទូ
231 views

ភាគហ៊ុននៅក្នុងក្រុមហ៊ុន Apple បានធ្លាក់ចុះរយៈពេលពីរថ្ងៃជាប់ៗគ្នា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មន្រ្តីនៅក្នុងជួររដ្ឋាភិបាលចិនត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ iPhone ។

ការវាយតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះជាង 6 ភាគរយ ឬជិត 200ពាន់លានដុល្លារ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។ ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតទីបី របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក​ Apple ដែលមានចំនួន 18​ភាគរយ នៃប្រាក់ចំណូលសរុបរបស់ខ្លួនកាលពីឆ្នាំមុន។ វាក៏ជាកន្លែងដែលផលិតផលភាគច្រើនរបស់ Apple ត្រូវបានផលិតដោយអ្នកផ្គត់ផ្គង់ធំបំផុតរបស់ខ្លួនគឺក្រុមហ៊ុន Foxconn ។

ចិន បានដាក់ចេញបទបញ្ជាឱ្យមន្ត្រីទីភ្នាក់ងារកណ្តាលរបស់រដ្ឋាភិបាលខ្លួន មិនឱ្យនាំយកទូរស័ព្ទ iPhone ចូលក្នុងការិយាល័យ ឬប្រើប្រាស់វាសម្រាប់ការងារឡើយ។ យ៉ាងណាមិញ មិន​ទាន់​មាន​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​ណាមួយ​ពី​រដ្ឋាភិបាល​ចិន​ជា​ការ​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ​ទេ។

Apple មាន​តម្លៃ​ទីផ្សារ​ភាគហ៊ុន​ខ្ពស់​បំផុត​របស់​ពិភពលោក​ឈរ​នៅ​ជិត ២,៨ ពាន់​ពាន់​លាន​ដុល្លារ។ ភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្គត់ផ្គង់មួយចំនួនរបស់ Apple ក៏ធ្លាក់ចុះផងដែរ។ តួយ៉ាងមានដូចជា ក្រុមហ៊ុន Qualcomm ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបស្មាតហ្វូនធំបំផុតរបស់ពិភពលោកបានធ្លាក់ចុះជាង 7% កាលពីថ្ងៃព្រហស្បតិ៍។ ចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុន SK Hynix របស់កូរ៉េខាងត្បូងបានធ្លាក់ចុះប្រហែល 4% កាលពីថ្ងៃសុក្រ។

របាយការណ៍​នេះ​បាន​កើត​ឡើង​ខណៈ​ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ប៉េកាំង​នៅ​តែ​មាន​កម្រិត​ខ្ពស់​។ ទីក្រុងប៉េកាំងក៏ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំកញ្ចប់ថវិកា វិនិយោគថ្មី 40ពាន់លានដុល្លារ ដើម្បីជំរុញឧស្សាហកម្មផលិតបន្ទះឈីបរបស់ខ្លួន។  ដោយឡែក កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Gina Raimondo ទៅកាន់ទីក្រុងប៉េកាំង ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានបង្ហាញស្មាតហ្វូនជំនាន់ថ្មី Mate 60 Pro របស់ខ្លួន ដោយមិននឹកស្មានដល់៕

អត្ថបទពាក់ព័ន្ធ