fbpx

ប្រធានាធិបតីចិន Xi Jinping អំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

អត្ថបទដោយ ពិទូ
194 views

ប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ បានអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំដែលជាជនស៊ីវិល និងបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោក Xi ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូល នៃមេដឹកនាំក្រុមប្រទេស BRICS តាមប្រព័ន្ធវីដេអូខល។

លោក Xi បាននិយាយថា “ភាគីទាំងអស់នៅក្នុងជម្លោះគួរតែបញ្ឈប់ជាបន្ទាន់នូវការបាញ់ប្រហារ បញ្ឈប់រាល់អំពើហិង្សា ការវាយប្រហារដែលមានគោលដៅលើជនស៊ីវិល និងដោះលែងអ្នកជាប់ឃុំដែលជាជនស៊ីវិល ដើម្បីជៀសវាងការបាត់បង់ជីវិត និងការឈឺចាប់កាន់តែច្រើន”។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ។

ប្រធានាធិបតីចិនរូបនេះ ក៏បានអំពាវនាវឱ្យមាន “ការចរចារ សន្តិភាពអន្តរជាតិ”ដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោក Xi បានសង្កត់ធ្ងន់ថា មិនអាចមានសន្តិភាព និងសន្តិសុខប្រកបដោយនិរន្តរភាពនៅមជ្ឈិមបូព៌ាដោយគ្មានដំណោះស្រាយត្រឹមត្រូវចំពោះអ្វីដែលប៉ាឡេស្ទីន ស្នើចង់បាននោះទេ។ លោក​បាន​បន្ត​ថា​​ ​ប្រទេស​ចិន​អំពាវនាវ​ឲ្យ​មាន​ការ​កោះ​ប្រជុំ​សន្និសិទ​សន្តិភាព​អន្តរជាតិ​មួយ​ដែល​មាន​សិទ្ធិ​អំណាច​ជាង​នេះ​ក្នុង​ការ​កសាង​ការ​ឯកភាព​អន្តរជាតិ​សម្រាប់​សន្តិភាព។

សន្និសីទបែបនេះ លោក Xi បានបន្ថែមថា “ធ្វើការឆ្ពោះទៅរកដំណោះស្រាយដំបូងចំពោះសំណួររបស់ប៉ាឡេស្ទីន ដែលមានលក្ខណៈទូលំទូលាយ យុត្តិធម៌ និងនិរន្តរភាព”។ មេដឹកនាំចិនរូបនេះ បានគូសបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ចុងក្រោយនេះ ប្រទេសចិនបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាព និងបទឈប់បាញ់។

គួររំលឹកថា ទីក្រុងប៉េកាំងបានផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយសម្រាលស្ថានការណ៍មនុស្សធម៌នៅហ្គាហ្សា ហើយនឹងកំពុងបន្តធ្វើដូច្នេះ មកដល់ពេលបច្ចុប្បន្ន៕

អត្ថបទពាក់ព័ន្ធ