fbpx

បិទវគ្គបណ្តុះបណ្តាល ស្តីពីសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់មនុស្សចាស់

អត្ថបទដោយ រាជ មេសា
92 views

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងបិទវគ្គបណ្តុះបណ្តាល ស្តីពីសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់មនុស្សចាស់។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីយុទ្ធសាស្រ្តអាទិភាពសំខាន់ៗ របស់ក្រសួងសុខាភិបាល គឺការបន្តនូវគោលនយោបាយសុខាភិបាល ដែលសុខភាពមនុស្សចាស់ គឺជាកិច្ចការត្រូវយកចិត្តទុកដាក់ សម្រាប់កម្ពុជា។ នាពេលបច្ចុប្បនេះ ដោយសារ កម្ពុជាមានស្ថេរភាព នយោបាយ សន្តិភាព ការរីកចម្រើនសេដ្ឋកិច្ចសង្គម និងវិស័យ សុខាភិបាល និន្នាការប្រជាជនកម្ពុជាអាយុ៦០ឆ្នាំឡើងមានការកើនឡើង។អត្រាអ្នកលើសសម្ពាធឈាម ទឹកនោមផ្អែម ជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ជំងឺមហារីក និងជំងឺផ្លូវចិត្ត។ល។ ក៏មាន ការកើនឡើងជាលំដាប់ដែលបង្ក ពិការភាពធ្ងន់ធ្ងរមួយកម្រិតថែមទៀត។

វគ្គបណ្តុះបណ្តាល ស្តីពីសុខភាពផ្លូវចិត្ត និងសុខមាលភាព របស់ មនុស្សចាស់នេះ ទទួលបានលទ្ធផលល្អប្រសើរ និងពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលទាំងក្នុងអាណត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងក្នុងអាណត្តិនីតិកាលទី៧ នៃរដ្ឋសភាបច្ចុប្បន្នដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំ និងលើកទឹកចិត្តដល់សមាគមសុខភាពផ្លូវចិត្តកម្ពុជាឱ្យខិតខំពង្រីក សមាជិកភាព របស់ខ្លួនបន្ថែមទៀត និងបន្តសហការ ជាមួយដៃគូអភិវឌ្ឍន៍ដើម្បីរៀបចំវេទិកាវិទ្យាសាស្រ្ត និងបណ្តុះបណ្តាលធនធានមនុស្សបានញឹកញាប់ ចូលរួមចំណែក ការសម្រេចបានការគ្របដណ្តប់ សេវាសុខាភិបាល ជាសាកលនៅកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយ សមាគមសុខភាពផ្លូវចិត្តកម្ពុជាដែលមានសិក្ខាកាម ជាសមាជិកសមាគមចូលរួម ចំនួន៣០នាក់មកពីមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ស្វាយរៀង តាកែវ ពោធិ៍សាត់ កំពង់ឆ្នាំង រតនគិរី កណ្តាល កំពង់ស្ពឺ អង្គការដៃគូដូចជា TPO សាកលវិទ្យាល័យចេនឡា និងនិស្សិត ឯកទេស វិកលវិទ្យា និងមានវាគ្មិនមកពី Capacity Australia នៃប្រទេសអូស្រ្តាលី និងវាគ្មិនតាមវីដេអូអនឡាញ ពីសាកលវិទ្យាល័យ ឈៀងម៉ៃនៃប្រទេសថៃ។ ក្នុងពិធីនេះក៏មានការ ចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ថ្នាក់ ដឹកនាំ និងមន្រ្តីរាជការ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ សរុបទាំងអស់ប្រមាណ៥០នាក់។

អត្ថបទពាក់ព័ន្ធ