fbpx

ថ្ងៃទី១នៃពិធីប្រណាំងទូកង ក្នុងខេត្តកំពត ពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ២៥ម៉ឺននាក់បានមកទស្សនាកម្សាន្ត

អត្ថបទដោយ រាជ មេសា
228 views

មន្ត្រីជំនាញបានបញ្ជាក់ថា ដំណើរការប្រណាំងទូកងនៅខេត្ថកំពតបានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ អមដោយសំឡេងស្រែកហ៊ោកញ្ច្រៀវលាន់លឺពេញក្រុងកំពត។ លោកថាសម្រាប់ការប្រណាំងទូកងថ្ងៃទី១ ខេត្តកំពត មានពលរដ្ឋ និងភ្ញៀវទេសចរ មកចូលរួមទស្សនាការប្រណាំងទូក និងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាសរុបប្រមាណជាង ២៥ម៉ឺននាក់ ខណៈដែលយុវជន និងកីឡាករបង្ហាញការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ដំណើរការប្រណាំងទូកងនៅខេត្តកំពត រៀបចំបានល្អប្រសើរទាំង ហេដ្ឋារចនាសម្ព័ន្ធនានា ការតុបតែងលម្អ និងមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថានទាំងនៅលើទឹក និងលើដីគោក ពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តច្រើន ប៉ុន្តែគ្មានការកកស្ទះចរាចរណ៍ទេ ហើយក្រុមកីឡាករមានភាពស្វាហាប់ និងមានទឹកចិត្តក្នុងការអុំបង្ហាញសមត្ថភាពអស់ពីកម្លាំងកាយចិត្ត។

លោកបានបញ្ជាក់ថា សម្រាប់ថ្ងៃទី១ ពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ២៥ម៉ឹននាក់បានទស្សនា និងដើរកម្សាន្តក្នុងខេត្តកំពត ក្នុងនោះភ្ញៀវបរទេសចំនួន ៦១៥នាក់ ចំពោះសេវាស្នាក់នៅលោកបានបញ្ជាក់ថាមិនទាន់ពេញអស់នោះទេ។ លោកក៏បានបញ្ជាក់ដែរថា ដំណើរការកម្មវិធីបានប្រព្រឹត្តិទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់ឡើយ។

ចំពោះពិធីខាងលើក្រុមយុវជនខេត្តកំពត បានបង្ហាញទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងក្នុងមកចូលរួមគាំទ្រការប្រណាំងទូកង នៅលើដងព្រែកកំពង់បាយខេត្តកំពត និងថាសម្រាប់ថ្ងៃទី១នៃការប្រណាំងទូកងខេត្តកំពត រៀបចំបានល្អ អធឹកអធម ហើយមានពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមទស្សនាច្រើនជាងឆ្នាំមុន។

ចំណែកក្រុមកីឡាករបានបង្ហាញចំណាប់អារម្មណ៍ដែរថា ទោះបីទូកខ្លួនមិនបានជាប់បន្តទៅប្រកួតនៅវគ្គផ្តាច់ព្រាតក៏ដោយ ក៏ពួកគាត់មានចិត្តរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារឃើញការលើកទឹកចិត្ត និងគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិ។

មន្ត្រីជំនាញរំពឹងថា សម្រាប់ថ្ងៃទី២ ដែលជាថ្ងៃប្រណាំងផ្តាច់ព្រាត់នេះ នឹងខេត្តកំពតមានប្រជាពលរដ្ឋ និងទេសចរចូលរួមទស្សនាកាន់តែច្រើន ខណៈដែលការប្រណាំងផ្តាច់ព្រាត នឹងចាប់ផ្តើមពីម៉ោង១រសៀលទៅថ្ងៃទី១១នេះ៕

អត្ថបទពាក់ព័ន្ធ