fbpx

ថ្ងៃទីមួយ​ នៃព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មកលេងកម្សាន្ត ប្រមាណ ១លាន ២សែននាក់

អត្ថបទដោយ រាជ មេសា
192 views

លោក ម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា សម្រាប់ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណ១លាន២សែននាក់បានចូលរួមដោយសប្បាយរីករាយ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ អស់រយៈពេល៣ឆ្នាំមក ។

លោកបន្តថា ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីឯកឧត្តម ឃួង ស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លំាង គ្រប់ផ្នែកដែលពាក់ព័ន្ធ គឺមានសន្តិសុខ សណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួឱ្យកត់សម្គាល់នោះទេ។

ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកប្រកបដោយភាពសប្បាយរីករាយ។ ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។

ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះ ក្រោមម្លប់សុខសន្តិភាពផងដែរ៕

អត្ថបទពាក់ព័ន្ធ