នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដឹកនាំដោយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបន្តចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលដង្កូវហ្វូង នៅស្រុកពួក និងស្រុកអង្គរធំ ក្នុងខេត្តសៀមរាប។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ស្រុកពួកនិងស្រុកអង្គរធំ ពុំមានការផ្ទុះរាលដាលដង្កូវហ្វូង ដូចស្រុកស្វាយលើ ស្រុកជីក្រែង និងស្រុកសូត្រនិគមទេ ហើយដំណាំស្រូវមានការលូតលាស់ល្អ ដោយសារមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ។
នៅរសៀលថ្ងៃដដែលនេះ ក្រុមការងារបានបន្តដំណើរទៅកាន់ស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ។ បើទោះបីជានៅស្រុកព្រះនេត្រព្រះ ពុំមានការផ្ទុះរាលដាលនៃសត្វដង្កូវហ្វូងលើដំណាំក៏ដោយ ក្រុមការងារបានបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងជំនួយការឃុំ សរុបចំនួន ៣០នាក់ អំពីការគ្រប់គ្រងដង្កូវហ្វូង។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារបានបង្ហាញអំពីលក្ខណៈរូបរាង្គមេអំបៅ សំបុកពង រូបរាង្គដង្កូវ ដឹកឌឿ ការស៊ីចំណី របៀបនៃការពិនិត្យនិងវាយតម្លៃប្រជាករ និងវិធានការការពារនិងកម្ចាត់សត្វដង្កូវហ្វូងនេះ។
ជាមួយគ្នានេះ ក្រុមការងារបានណែនាំឱ្យមន្ត្រីកសិកម្មឃុំ និងក្រុមប្រឹក្សាឃុំ យកចំណេះដឹងដែលទទួលបានពីការបណ្ដុះបណ្ដាលនេះ ទៅចែករំលែកបន្តដល់មេភូមិ អនុភូមិ និងសមាជិកភូមិ និងដាក់ផែនការចុះត្រួតពិនិត្យ វាយតម្លៃតាមភូមិនីមួយៗ ហើយធ្វើរបាយការណ៍ជាប្រចាំចូលក្នុងក្រុមតេលេក្រាមរបស់ឃុំនិងស្រុក ដើម្បីងាយស្រួលឱ្យមន្ត្រីជំនាញចុះអន្តរាគមន៍ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕