fbpx

ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ចុះពិនិត្យលទ្ធផលអនុវត្តផែនការសកម្មភាពការងារ និងការងារជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តមណ្ឌលគិរី

អត្ថបទដោយ រាជ មេសា
126 views

ខេត្តមណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្របធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី និងខេត្តរតនគិរី អមដំណើរដោយឯកឧត្តមបណ្ឌិត ខឹម សុធា ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាការងារជាមួយលោកប្រធាននិងមន្ត្រីពាក់ព័ន្ធនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី ដើម្បីពិនិត្យមើលលទ្ធផលអនុវត្តផែនការសកម្មភាពការងារ និងការជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រកន្លងមក ក៏ដូចជាពិនិត្យមើលស្ថានភាពទឹក ស្ថានភាពប្រព័ន្ធឧតុនិយម និងការងារបង្កបង្កើនផលស្រូវវស្សា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីកិច្ចការសំខាន់មួយចំនួនដែលត្រូវយកចិត្តទុកដាក់ដូចជា ការបន្តជំរុញការចុះបញ្ជី និងការកំណត់ព្រំអាងទឹក និងប្រព័ន្ធធារាសាស្ត្រ នឹងឈានទៅដល់ការសិក្សាធ្វើផែនទីកំណត់ទីតាំងប្រព័ន្ធធារាសាស្ត្រ និងអាងទឹកទាំងអស់នៅទូទាំងខេត្តមណ្ឌលគិរី។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមប្រកបដោយនិរន្តរភាព កត្តាដែលសំខាន់មិនអាចខ្វះបានគឺការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។

នៅក្នុងកិច្ចប្រជុំពិភាក្សានេះ ក៏មានការធ្វើបទបង្ហាញរបស់ឯកឧត្តមទីប្រឹក្សាស្តីពីមូលដ្ឋានគ្រឹះជលសាស្រ្ត ស្ថានភាពជលសាស្ដ្រ ទឹកជំនន់ និងគ្រោះរាំងស្ងួតនៅកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរីផងដែរ។

ជាមួយគ្នានេះ លោកប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសទាំងអស់បានថ្លែងអំណរគុណ និងសំណូមពរដល់ ឯកឧត្តមរដ្ឋលេខាធិការ បន្តផែនការពង្រឹងសមត្ថភាពមន្ត្រីតាមរយៈការបណ្តុះបណ្តាលជំនាញជលសាស្ដ្រ ឧតុនិយម និងវិស្វកម្ម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង ១)អាងស្តុកទឹកអូរតេដែលមានលទ្ធភាពស្តុកទឹកបាន ១០លានម៉ែត្រត្រីគុណ និងជាអាងទឹកបម្រើឱ្យពហុវិស័យ ២)ពិនិត្យស្ថានភាពស្ថានីយឧតុនិយមស្វ័យប្រវត្តិពូជ្រៃ ៣)អាងស្តុកទឹកអូរណប់ដែលមានលទ្ធភាពស្តុកទឹកបានជាង ៤លានម៉ែត្រត្រីគុណ ៤)ស្ថានីយជលសាស្រ្តអូរច្បារដែលរងការខូចខាតមិនអាចដំណើរការបាន និង ៥)អាងស្តុកទឹកអូយេសដែលមានលទ្ធភាពអាចស្តុកទឹកបានជាង ៣ លានម៉ែត្រត្រីគុណ៕

អត្ថបទពាក់ព័ន្ធ