ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថា អតីតនាយករដ្ឋមន្រ្តី Li Keqiang បានទទួលមរណភាព។ លោក Li ធ្លាប់ត្រូវបានគេសន្មត់ថាជាមេដឹកនាំនាពេលអនាគតរបស់ប្រទេសចិន ប៉ុន្តែត្រូវបានប្រធានាធិបតី Xi Jinping វ៉ាដាច់។ សេដ្ឋវិទូរូបនេះ លោកបានកាន់តំណែងខ្ពស់បំផុតទីពីរនៅក្នុងប្រទេសចិន ទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមិនសូវបង្ហាញមុខនៅក្នុងចំណោមមេដឹកនាំកំពូលរបស់ប្រទេសចិន។
លោក Li ដែលបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីកាលពីខែមីនាឆ្នាំ2023នេះ បានគាំងបេះដូងភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ ទី 26 ខែតុលា ឆ្នាំ 2023 ហើយបានទទួលមរណភាពនៅព្រឹកថ្ងៃសុក្រ ទី 27 ខែឆ្នាំដដែល ខណៈពេលដែលលោក កំពុងស្នាក់នៅទីក្រុងសៀងហៃ។ ការស្លាប់របស់ លោក Li កំពុងត្រូវបានប្រជាជនចិនកាន់ទុក្ខ ដោយមនុស្សជាច្រើនសម្តែងការភ្ញាក់ផ្អើល និងសោកស្តាយ។
លោក Li ត្រូវបានគេស្គាល់ថាជាឥស្សរជន នយោបាយដ៏ឆ្លាតបំផុតម្នាក់ក្នុងជំនាន់របស់លោក។ អតីតនាយករដ្ឋមន្រ្តីចិនរូបនេះ ត្រូវបានគេទទួលយកទៅសាលាច្បាប់នៃសាកលវិទ្យាល័យប៉េកាំងដ៏ល្បីល្បាញភ្លាមៗបន្ទាប់ពីសាកលវិទ្យាល័យត្រូវបានបើកឡើងវិញបន្ទាប់ពីបដិវត្តវប្បធម៌របស់លោក ប្រធាន ម៉ៅ៕