ភ្នំពេញៈ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងរកឃើញសាច់បង្កក នាំចូលពីបរទេសដោយគ្មានច្បាប់ដ៏ច្រើនសម្បើម គឺជិត ៤០០ តោន។
ការចុះត្រួតពិនិត្យ បានកើតឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ហើយជាលទ្ធផល ក្រុមការងារបានរកឃើញ សាច់បង្កក គ្មានឯកសារច្បាប់ ក្នុងនោះមាន គ្រឿងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុបទ ២ ម៉ឺន ៤ ពាន់ ៤២៤ កេះ ស្មើ ៣ សែន ៧ ម៉ឺន និង ៧៨៧ គីឡូក្រាម ពោលគឺជិត ៤០០ តោន ដែលត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារ ហើយក្រុមការងារ បានស្នើសុំព្រះរាជអាជ្ញា បិទឃ្លាំងបង្កកសាច់សត្វខាងលនេះ ជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។ នេះបើតាមការឱ្យដឹងរបស់លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុខព្យាបាល ដែលជាអ្នកដឹកនាំដោយផ្ទាល់នូវប្រតិបត្តិការឆែកឆេរខាងលើ ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសាទរយ៉ាងក្លៀវក្លាចំពោះលទ្ធផលដ៏ច្រើនសម្បើមនេះ ដោយលើកឡើងថា « សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តំណាងឱ្យកសិករចិញ្ចឹមសត្វទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានណែនាំឱ្យឆែកឆេររកផលិតផលណាដែលមានផ្ទុកសារធាតុអាចទទួលយកបាន និងត្រូវកម្ទេចចោល ដែលនេះគឺជាការជួយសង្គ្រោះអាយុជីវិតវិស័យចិញ្ចឹមសត្វក្នុងស្រុកដែលកំពុងត្រដរខ្យល់ជាយូរមកហើយ ក៏ដូចជាសុខភាពសាធារណៈ » ។
ការលើកឡើងរបស់លោក ស្រ៊ុន ពៅ យ៉ាងដូច្នេះដោយហេតុថា ប្រមាណជាជិត ២ ឆ្នាំចុងក្រោយនេះ សាច់បង្កកខុសច្បាប់ ដែលជាសាច់ខូចគុណភាព ហួសកាលរបរិច្ឆឆេទបរិភោគ ឬជាសាច់សត្វដែលគេរកឃើញមានជំងឺដែលត្រូវគេកម្ទេចចោល បែរជាត្រូវបានជនមិនសុច្ចរិតប៉ុន្មាននាក់លួចលាក់នាំចូលយ៉ាងច្រើនសម្បើមធ្វើចរាចរយ៉ាងគគ្រឹកគគ្រេងនៅទូទាំងប្រទេសកម្ពុជា លក់ក្នុងតម្លៃថោកជាងថ្លៃដើមផលិតយ៉ាងឆ្ងាយ ធ្វើឱ្យវិស័យចិញ្ចឹមសត្វក្នុងស្រុកដួលរលំជាបន្តបន្ទាប់ ហើយក៏ត្រូវបានគេគិត និងបារម្ភដែរថា វាកំពុងគំរាមកំហែងយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈ ។
តាមពិតទៅការចាប់សត្វរស់ សាច់សត្វ ស៊ុតសត្វ និងផលិតផលធ្វើពីសាច់សត្វ រួមទាំងសាច់បង្កកខុសច្បាប់ សាច់បង្កកខូចគុណភាព និងសាច់មានឆ្លងរោគជដើមនោះ ក្រុមការងារ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បង្ក្រាបបានជាបន្តបន្ទាប់ ។
ទោះយ៉ាងណា ទំហំ ឬ បរិមាណដែលត្រូវបានបង្ក្រាបកន្លងមកនោះ មានត្រឹមតែសិបតោន ប៉ុណ្ណោះ ។ ហេតុនេះ ប្រតិបត្តិការកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នោះ គឺជាការរកឃើញសាច់បង្កកឥតច្បាប់ទ្រង់ទ្រាយធំបំផុត ពុំធ្លាប់មានកន្លងមក ។ គួរតែមិនខុសទេ ប្រសិនបើគេនិយាយថា គឺជាការផ្ញើសារដល់បណ្តាពួកជនរកស៊ីមិនសុច្ចរិត មិនអនុលោមទៅតាមច្បាប់ ឱ្យបោះបង់ចោលចេញជាបន្ទាន់ ហើយថាតទៅនេះ សាចប់បង្កខុសច្បាប់ និងសាច់បង្កកខូចគុណភាពជាដើម ប្រហែលជាពិបាករកទីជម្រកហើយ ៕