យាន Chandrayaan-3 របស់ឥណ្ឌាក្លាយជាបេសកកម្មអវកាសដំបូងគេដែលចុះចតនៅប៉ូលខាងត្បូងនៃព្រះច័ន្ទ។ នាយករដ្ឋមន្ត្រី Narendra Modi ប្រកាសភ្លាមៗបន្ទាប់ពីយាន Vikram ចុះចតលើផ្ទៃព្រះច័ន្ទថា “ឥណ្ឌាឥឡូវនេះនៅលើឋានព្រះច័ន្ទហើយ”។ នៅខាងក្នុងយាន Lander ដែលមានយានមួយទៀតមានកង់ប្រាំមួយឈ្មោះ Pragyaan Rover ប្រសិនបើអ្វីៗដំណើរការ ទៅតាមផែនការ វានឹងធ្វើដំណើរ ជុំវិញផ្ទៃព្រះច័ន្ទ ដើម្បីប្រមូលរូបភាព និងទិន្នន័យ។
អ្នកវិទ្យាសាស្ត្រជឿថា រណ្ដៅរបស់ព្រះច័ន្ទ អាចផ្ទុកទឹកកកបាន។ ការប៉ុនប៉ងនេះ គឺជាបេសកកម្មឋានព្រះច័ន្ទ ជាលើកទីបីរបស់ឥណ្ឌា កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីយានអវកាស Luna-25 របស់រុស្ស៊ី បានផុតពីការគ្រប់គ្រង និងធ្លាក់ចូលទៅក្នុងឋានព្រះច័ន្ទ។
យានអវកាស Chandrayaan-3 របស់ប្រទេសឥណ្ឌា គឺជាយានទីមួយដែលមិនធ្លាប់មានពីមុនមក ដែលចុះចតបានជោគជ័យនៅប៉ូលខាងត្បូងនៃព្រះច័ន្ទ ដែលប៉ូលខាងត្បូងនេះ ជាផ្នែកមួយដែលធ្លាប់មានការរុករកពីមុនមកនោះទេ។
បន្ទប់ត្រួតពិនិត្យនៅទីភ្នាក់ងារអវកាស ISRO របស់ប្រទេសឥណ្ឌា ពោលពេញទៅដោយបរិយាកាសរំភើបរីករាយ ដោយអ្នកវិទ្យាសាស្ត្របានស្រែកហ៊ោ។ នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានប្រកាសថា “ឥណ្ឌាឥឡូវនេះនៅលើឋានព្រះច័ន្ទ ហើយ! “មេឃមិនមែនជាដែនកំណត់នោះទេ”។ លោកថ្លែងបែបនេះ នៅពេលដែលបានតាមដានការបាញ់បង្ហោះតាមវីដេអូពីអាហ្វ្រិកខាងត្បូងជាកន្លែងដែលលោកកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS។
យានចុះចតរបស់ឥណ្ឌា បានបញ្ជូនរូបភាពនៃផ្ទៃព្រះច័ន្ទមកវិញរួចហើយ បន្ទាប់ពីអ្វីៗដំណើរការល្អ។ យានរបស់ឥណ្ឌា នឹងធ្វើដំណើររុករក ជុំវិញថ្ម និងរណ្ដៅរបស់ផ្ទៃឋានព្រះច័ន្ទ ដែលគ្រោងនឹងប្រមូលទិន្នន័យ និងរូបភាពសំខាន់ៗ ដើម្បីបញ្ជូនមកផែនដីវិញដើម្បីធ្វើការវិភាគ។
ឥណ្ឌាបានចូលរួមជាមួយក្រុមប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក សហភាពសូវៀត និងចិន ដែលបានចុះចតយានអវកាសដោយជោគជ័យនៅលើឋានព្រះច័ន្ទ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov បានសម្តែងការអបអរសាទរដល់ប្រទេសឥណ្ឌា សម្រាប់ការចុះចតដោយជោគជ័យលើឋានព្រះច័ន្ទ ប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ុនប៉ងចុះចតលើផ្ទៃឋានព្រច័ន្ទរបស់យានអវកាសរុស្ស៊ី ទទួលរងបរាជ័យ។
លោកពូទីនបានផ្ញើ “ការអបអរសាទរដ៏ស្មោះស្ម័គ្ររបស់លោក” ទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ហើយបាននិយាយថាជោគជ័យនេះគឺជា “សក្ខីភាពចំពោះវឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍ដែលធ្វើឡើងដោយឥណ្ឌា”។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ី Tass ដែលបានដកស្រង់សម្តីរបស់វិមានក្រឹមឡាំង។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ក៏បានផ្ញើការអបអរសាទររបស់ខ្លួនទៅកាន់ទីភ្នាក់ងារអវកាសឥណ្ឌាផងដែរ៕