នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រួមជាមួយនាយរង និងមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានប្រារព្ធពិធីលែងកូនត្រី ចូលក្នុងបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ដោយពិនិត្យឃើញប្រជាពលរដ្ឋក្នុងភូមិឃុំ រួមគ្នាការពារធនធានជលផលបានល្អ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានយកកូនត្រីចម្រុះទៅលែងចូលក្នុងបឹងនោះបន្ថែម ដើម្បីឱ្យត្រីកាន់តែសម្បូរសម្រាប់ប្រជាពលរដ្ឋចាប់ត្រីបាន ពេលប្រារព្ធពិធីចាប់ត្រីសាមគ្គីនៅឆ្នាំក្រោយៗទៀត។ នាឱកាសនេះ អង្គពិធីបានធ្វើការប្រលែង កូនត្រីចម្រុះចំនួនសរុប ៥០ ០០០ក្បាល ដែលក្នុងនោះរួមមាន៖ កូនត្រីរ៉ស់ ចំនួន១៥០០០ កូនត្រីអណ្តែង ចំនួន២០០០០ និងកូនត្រីក្រាញ់ ចំនួន១៥០០០។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងនៃខែកុម្ភ: ប្រជាពលរដ្ឋរស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តែងតែប្រារព្ធពិធីចាប់ត្រីសាមគ្គីក្នុងបឹងត្រពាំងក្រមនេះ ដែលជាទំនៀមទម្លាប់តាំងពីបុរាណកាលមក ដោយប្រើឧបករណ៍នេសាទជាលក្ខណៈប្រពៃណី មានដូចជា៖ អង្រុត និងឈ្នាង ជាដើម៕