អស់រយៈពេល១៥ថ្ងៃ ដែលក្រុមការងារសមាគមសិល្បករខ្មែរ និងសិល្បករ សិល្បការិនីជាច្រើន បានខិតខំយ៉ាងមមាញឹកមិនគិតពីថ្ងៃឈប់សម្រាក ដើម្បីស្វែងរកព័ត៌មាន និងស្រង់ឈ្មោះសិល្បកររៀមច្បងចាស់ជរា ដើម្បីអញ្ជើញពួកគាត់ចូលរូមកម្មវិធី “អ្នកស្នងមរតក” នាថ្ងៃសុក្រទី៣១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ(OCIC)។
ដំណើរការចុះឈ្មោះសិល្បករត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ បន្ទាប់ពីសិល្បករគ្រប់ទម្រង់បានមកអញ្ជើញមកចុះឈ្មោះគ្រប់ចំនួនហើយ។
សូមបញ្ជាក់ថា កម្មវិធី “អ្នកស្នងមរតក” ផ្ដួចផ្ដើមបង្កើតឡើងដោយប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដោយមានការអញ្ជើញចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនីប្រមាណ២០០០នាក់ ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយពីគោលការណ៍ ដែលជាបេសកកម្មរបស់សមាគមសិល្បករខ្មែរ ក្នុងការការពារ លើកស្ទួយសិល្បករចាស់ជរាគ្រប់ទម្រង់។
ម្យ៉ាងទៀត សបញ្ជាក់ពីការចូលរួមថែរក្សា ក៏ដូចជាការពង្រឹងលើការកសាងសមត្ថភាព គុណភាព និងស្នាដៃបង្កើតថ្មីរបស់សិល្បករជំនាន់ក្រោយ ធ្វើយ៉ាងណាឲ្យសិល្បករ សិល្បការិនីទាំងអស់ មានសាមគ្គីភាពគ្នាល្អ រួបរួមកម្លាំងគ្នា ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពនានានៃវិស័យសិល្បៈ និងវប្បធម៌។
សមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយលោកទាំងពីបានផ្ដល់កិត្តិយសយ៉ាងធំធេងដល់សមាគមសិល្បករខ្មែរ ក៏ដូចជាសិល្បកររៀមច្បងទាំងអស់ ក្នុងការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះផងដែរ។