fbpx

បារាំង ប្រគល់ចម្លាក់បុរាណ ដែលខ្លួនរឹបអូសបាន មកឱ្យកម្ពុជា វិញ

អត្ថបទដោយ ពិទូ
187 views

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង មានសេចក្តីសោមនស្សរីករាយសូមជម្រាប ជូនសាធារណជន និងជនរួមជាតិទាំងអស់ថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងលីយ៉ុង ដើម្បីទទួលយកចម្លាក់លិបមួយផ្ទាំង ដែលត្រូវបានភ្នាក់ងារគយបារាំងរឹបអូសបាន។


ពិធីប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌នេះត្រូវបានធ្វើឡើងនៅនាយកដ្ឋានគយអន្តរតំបន់ និង សិទ្ធិប្រយោលនៃទីក្រុងលីយ៉ុង ក្រោមអធិបតីភាពរបស់លោក Eric MEUNIER នាយកគយអន្តរតំបន់ Auvergne-Rhône-Alpes និងលោកស្រី Juliette BOSSART-TRIGNAT ប្រតិភូខេត្តលីយ៉ុង ទទួល បន្ទុកកិច្ចការការពារ និងសន្តិសុខតំបន់។

ចម្លាក់លិបនេះធ្វើពីថ្មភក់ មានប្រាំបំណែក កសាងឡើងនៅសតវត្សរ៍ទី១២ ឬទី១៣ និងមាន ទម្ងន់ប្រហែល ៣០០ គីឡូក្រាម អាចមានប្រភពមកពីប្រាសាទព្រះខ័នកំពង់ស្វាយ ឬពីប្រាសាទ បន្ទាយឆ្មារ។ ចម្លាក់នេះត្រូវបានគេលួចកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងត្រូវបានរឹបអូសនៅក្នុង ក្របខ័ណ្ឌនៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណមួយកន្លែង នៅទីក្រុង
លីយ៉ុង កាលពីខែកុម្ភៈ ឆ្នាំ២០២០។


តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម កេត សោផាន់ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរបារាំងពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុង ការបំពេញការងារបានយ៉ាងល្អ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌ នេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបារាំង។
ជាចុងបញ្ចប់ ការប្រគល់ចម្លាក់នេះដែលតំណាងឱ្យផ្នែកមួយនៃប្រវត្តិសាស្ត្រ និងជាបំណែក នៃដួងព្រលឹងអាណាចក្រខ្មែរ ក៏នឹងអនុញ្ញាតឱ្យមានការរួមផ្គុំឡើងវិញនៃដួងព្រលឹងជាតិ និង អត្តសញ្ញាណខ្មែរផងដែរ៕

អត្ថបទពាក់ព័ន្ធ