fbpx

ស្ថានទូតបារាំងរៀបចំតាំងពិព័រណ៍រូបថត “កម្ពុជាមើលពីលំហអាកាស”

អត្ថបទដោយ រាជ មេសា
148 views

ក្នុងឱកាសខួប​លើក​ទី​៧០នៃទិវាបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ស្ថានទូតបារាំងនឹងតាំងបង្ហាញ រូបថតប្រទេស​កម្ពុជា​ ដែល​​​ត្រូវ​បានថតពីលើអាកាស និងតាមរយៈផ្កាយរណបក្នុងអំឡុង ៧០ឆ្នាំចុងក្រោយ។​

ស្ថានទូតបារាំងប្រចាំកម្ពុជាបានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា រូបថតទាំងនេះត្រូវបាន​រៀបចំ​ដោយ​វិទ្យាស្ថានស្រាវជ្រាវសម្រាប់​អភិវឌ្ឍន៍(IRD)របស់បារាំង។

ប្រភពដដែលបានអះអាងថា រូបថតពីលើអាកាសចំនួន​៣០​ផ្ទាំង​ថត​ពីឆ្នាំ​១៩៥០​មក​ដល់​បច្ចុប្បន្ន​ នឹងបង្ហាញពីការប្រែប្រួលសណ្ឋានដីនៃប្រទេសកម្ពុជា​ក្នុងអំឡុង​ជា​ច្រើន​ទសវត្សរ៍​ ដែល​​បញ្ជាក់ពីការ​វិវឌ្ឍរបស់ប្រទេសនេះ។ ពិព័រណ៍ខាងលើធ្វើឡើងចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា​តទៅ​នៅលើជ​ញ្ជាំង​របង​នៃ​ស្ថានទូត​បារាំង​ប្រចាំកម្ពុជា។

ដោយបំពេញការងារយ៉ាងសកម្មនៅកម្ពុជាអស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ វិទ្យាស្ថាន IRD បានបង្កើត​ ភាព​​ជា​ដៃគូស៊ីជម្រៅជាមួយសាកលវិទ្យាល័យ និងស្ថាប័ន​សំខាន់ៗរបស់កម្ពុជា ដើម្បីស្វែងរកដំណោះ​ស្រាយបែប​នវានុវត្តន៍ និង​​អភិវឌ្ឍ​បច្ចេកវិទ្យាថ្មីៗ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាព រួមមាន​បម្រែ​បម្រួល​​អាកាស​ធាតុ ការបាត់បង់ជីវៈចម្រុះ ការបំពុលបរិស្ថាន និងសន្តិសុខស្បៀង។ កិច្ចសហ​ប្រតិបត្តិការ​​ទាំងនេះ​ផ្តោត​លើ​កសិកម្មប្រកប​ដោយ​និរន្តភាព និងសុខភាពសាកល ដោយគិតគូរពីបញ្ហា​បរិស្ថាន។ ការសង្កេត​ផែនដី ដោយ​ផ្អែកលើការវិភាគរូបភាពទទួលបានពីឧបករណ៍​ចាប់យក​រូបភាព​បំពាក់​លើយន្តហោះ ផ្កាយរណប ឬយាន​គ្មាន​មនុស្សបើក(ដ្រូន) អនុញ្ញាតឱ្យគេ​ពណ៌នា និងឃ្លាំមើលធនធានធម្មជាតិ ព្រមទាំងការរៀបចំ និងការ​ប្រែប្រួល​ធនធាន​ទំាងនោះ។ វិទ្យាស្ថាន IRD អភិវឌ្ឍ និងប្រើប្រាស់ឧបករណ៍​ឌីជីថល និងគម្រូបង្កើតថ្មីនានា ដើម្បីវិភាគ​រូបភាព​ក្នុងគោលដៅទទួលបានព័ត៌មានស្តីពីការប្រែប្រួលទេសភាព។

ចាប់តាំងពីរូបភាពដំបូងៗថតពីលើយន្តហោះក្នុងអំឡុងឆ្នាំ១៩៥០ រហូតដល់រូបភាពដំបូងៗ​ថត​ពីផ្កាយរណប​ដែល​សង្កេត​មើលផែនដីក្នុងអំឡុងឆ្នាំ១៩៨០ បច្ចេកវិទ្យាបានវិវឌ្ឍយ៉ាងខ្លាំង ដោយផ្តល់​រូបភាព​ជាច្រើន​ក្នុងកម្រិត​ច្បាស់​ល្អទៀតផង។

ប្រភពដដែលបានបន្តថា ដើម្បីពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការវិភាគ​រូបភាព​ពី​អាកាស និង​លទ្ធភាព​ទទួលបាន​ទិន្នន័យ​ផ្នេងៗ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថាន IRD បានរួមគ្នា​បង្កើត​មន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (Khmer Earth Observation Laboratory) ហៅកាត់ថា KHEOBS កាលពីឆ្នាំ២០២២ ដោយទទួល​បាន​ការ​ជួយ​ជ្រោម​ជ្រែង​ពីស្ថាប័នបារាំង។ មន្ទីពិសោធន៍ KHEOBS បានប្រមូល​ផ្តុំ​អ្នកវិទ្យាសាស្រ្ត និងនិស្សិតមកពី​សាកលវិទ្យាល័យ និងស្ថាប័នកម្ពុជានានា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាល​លើ​ប្រធាន​បទផ្សេងៗ។

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «KHEOBS គឺជា​មន្ទីរពិសោធន៍ឈានមុខ​ក្នុងការបណ្តុះបណ្តាលវិស្វករ និងអ្នកស្រាវជ្រាវ ក៏ដូចជា​ពង្រឹង​សកម្មភាព និងគម្រោងនានា​ ដែលប្រើប្រាស់​ឧបករណ៍​បង្កើតថ្មីសម្រាប់សង្កេតផែនដីនៅ​កម្ពុជា និងក្នុងកម្រិតតំបន់។

លោកបានបន្តថា គម្រោងនេះឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​គុណភាព​នៃកិច្ចសហប្រតិបត្តិការរបស់​យើងលើផ្នែកវិទ្យាសាស្រ្ត ដោយហេតុថា ពីមុនមក មិនមានស្ថាប័ននៅ​កម្ពុជា​​​ច្រើន​នោះទេ​ដែលមានលទ្ធភាពទទួលបានបច្ចេកវិទ្យាទាំងនេះ។

ក្នុងអំឡុងឆ្នាំ១៩៥០បារាំងជាប្រទេសដំបូងគេដែលបានថតដែនដីកម្ពុជាពីលើយន្តហោះដើម្បី​​រៀបចំបង្កើតផែនទី​ផ្សេងៗ ដោយ​សហការ​ជាមួយ​វិទ្យាស្ថានព័ត៌មានភូមិសាស្រ្ត និងព្រៃឈើ​បារាំង (IGNFI)​។

នៅកម្ពុជា ក្នុងចន្លោះ ឆ្នាំ១៩៥២និង​១៩៥៤ វិទ្យាស្ថាន​ IGNFI បានផ្តិតយករូបភា​ពប្រមាណ​១១ ០០០សន្លឹក ដែលគ្រប​ដណ្តប់​មួយ​ផ្នែក​ធំនៃ​ទឹកដី​កម្ពុជា។ បច្ចុប្បន្ន បណ្តុំរូបថតទាំង​នេះ​គឺ​ជាបណ្ណសារដ៏វិសេសវិសាល​ដែលនាំយើងត្រលប់ទៅកាន់​ទេសភាព​ទីក្រុង និងជនបទ​កាល​ពី​៧០ឆ្នាំមុន។ រូបថតឯកសារទាំងនេះគឺជាធនធានដ៏មានតម្លៃស្តីពីប្រវត្តិសាស្រ្ត ភូមិ​សាស្រ្ត បុរាណវិទ្យា នគរូបនីយកម្ម និងបរិស្ថាននៃប្រទេសកម្ពុជា។

អត្ថបទពាក់ព័ន្ធ