នៅថ្ងៃទី 3 ខែមេសា ឆ្នាំ 2024នេះ អ្នកតំណាងនៃក្រុមហ៊ុន Galaxy Corporation របស់ G-Dragon បានប្រកាសថា G-Dragon នឹងត្រលប់មកវិញនៅពាក់កណ្តាលឆ្នាំ 2024។ បន្ទាប់ពីត្រលប់មកវិញ តារា K-Pop រូបនេះ នឹងធ្វើសកម្មភាពសម្តែងនៅជុំវិញពិភពលោក ហើយការសម្តែងនៅប្រទេសជប៉ុនក៏ត្រូវបានគេគ្រោងទុកជាផ្នែកមួយ នៅក្នុងការត្រឡប់មកវិញរបស់លោក។
Galaxy Corporation បានពន្យល់បន្ថែមថា ភ្នាក់ងាររបស់ពួកគេនៅក្នុងប្រទេសជប៉ុនមិនត្រូវបានបង្កើតឡើងសម្រាប់សកម្មភាពរបស់ G-Dragon នៅក្នុងប្រទេសជប៉ុននោះទេ ដោយនិយាយថា “ភ្នាក់ងារនៅ ជប៉ុនរបស់ Galaxy Corporation ត្រូវបានបង្កើតឡើងនៅក្នុងខែកញ្ញាឆ្នាំមុន មុនពេល G-Dragon ត្រូវបានជ្រើសរើស។ ជាការពិតណាស់ ភ្នាក់ងារនេះនឹងគាំទ្រដល់សកម្មភាពរបស់ G-Dragon នៅប្រទេសជប៉ុននាពេលអនាគត។”
គួររំលឹកថា G-Dragon បានចាកចេញពីផលិតកម្ម YG Entertainment កាលពីឆ្នាំ 2023 ហើយបានចុះកិច្ចសន្យាផ្តាច់មុខជាមួយក្រុមហ៊ុន Galaxy។ ចាប់តាំងពីពេលនោះមក លោកបានបន្តសកម្មភាពផ្សេងៗ ដូចជាការចូលរួមក្នុងកម្មវិធី Consumer Electronics Show (CES) 2024 ដែលធ្វើឡើងកាលពី ខែមករា ក្នុងទីក្រុង Las Vegas និងបានប្រកាសពីកិច្ចសហប្រតិបត្តិការជាមួយ Yoshiki ដែលជាអ្នកដឹកនាំ និងជាដៃស្គរ នៃក្រុមតន្រ្តីរ៉ុកដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន X Japan៕