fbpx

Google Pixel 8 និង Pixel 8 Pro កំពូលទូរស័ព្ទ នៃស្តេចកាមេរ៉ា ថតច្បាស់ខ្លាំង មិនចាញ់ DSLR

អត្ថបទដោយ រាជ មេសា
297 views

ក្រុមហ៊ុន Google ជានិច្ចជាកាលតែងតែដាក់នូវអេក្រង់លំដាប់កំពូល សម្រាប់ស្មាតហ្វូនលំដាប់កប់របស់ខ្លួន នោះគឺស៊េរីទូរស័ព្ទ Google Pixel។

ស្មាតហ្វូន Google Pixel ជាប្រ៊េនទូរស័ព្ទលំដាប់កំពូលដែលតែងមកជាមួយនឹងអេក្រង់បង្ហាញកម្រិតរូបភាពច្បាស់ និង អ្វីជាអាវុធមុតស្រួលទាក់ចិត្តអ្នកប្រើប្រាស់ឱ្យចំណាយលុយរាប់រយដុល្លារទៅលើវា គឺកាមេរ៉ារបស់ទូរស័ព្ទនេះតែម្តង។ មុន Google Pixel 8 និង Pixel 8 Pro ត្រូវបានប្រកាសជាផ្លូវការនៅពេលខាងមុខ មានព័ត៍មានបែកធ្លាយអំពីលក្ខណៈសម្បត្តិនៃអេក្រង់របស់វា។

Google Pixel 8 ត្រូវបានគេដឹងថា នឹងមកជាមួយអេក្រង់ទំហំ ៦,១៧អ៊ីង ដោយវាអាចបង្ហាញរូបភាពក្នុងកម្រិត ១០៨០ x ២៤០០ ហើយដង់ស៊ីតេអេក្រង់ ៤២៧ PPI។ អេក្រង់នេះ មានកម្រិត refresh rate ១២០ហឺត និង HDR ១៤០០នីត។ ចំណែក Google Pixel 8 Pro គែមរបស់អេក្រង់មានលក្ខណៈកោង និងមកជាមួយនឹងអេក្រង់ទំហំ ៦,៧០អ៊ីង ដោយវាអាចបង្ហាញរូបភាព ១៣៤៤ x ២៩៩២ ហើយដង់ស៊ីតេអេក្រង់ ៤៩០ PPI។ អេក្រង់នេះ មានកម្រិត refresh rate ១២០ហឺត និង HDR ១៦០០នីត៕

ទោះមិនទាន់ចេញជាផ្លូវការ ប៉ុន្តែមានព័ត៍មានបែកធ្លាយអំពីលក្ខណៈសម្បត្តិរបស់កាមេរ៉ាខាងក្រោយនៃ ទូរស័ព្ទ Google Pixel 8 និង Pixel 8 Pro។ មានការកែប្រែមួយចំនួនទៅលើកាមេរ៉ាក្រោយរបស់ ទូរស័ព្ទលំដាប់កំពូលរបស់ Google ដោយម៉ូដែល Pixel 8 និង Pixel 8 នឹងបំពាក់ sensor ប្រភេទ Samsung GN2 ដោយវាមានសមត្ថភាពថតបានក្នុងកម្រិត ៥០ megapixel។ ម៉ូដែល Pixel 8 នឹងមកជាមួយលែន កាមេរ៉ាថតប្លង់ទូលាយ Ultrawide ប្រភេទ Sony IMX286 ដែលវាអាចថតបានក្នុងកម្រិត ១២ megapixel។ ចំណែកម៉ូដែល Pixel 8 Pro នឹងមកជាមួយលែន Ultrawide ប្រភេទ Sony IMX787 ដែលវាអាចថតបានក្នុងកម្រិត ៦៤ megapixel និង លែន Telephoto មួយគ្រាប់ទៀតប្រភេទ Samsung GM5 ថតបានក្នុងកម្រិត ៤៨ megapixel។ ទូរស័ព្ទទាំង ២ ស៊េរី Pixel 8 និង Pixel 8 Pro មកជាមួយកាមេរ៉ាមុខ ប្រភេទ Samsung 3J1 ដែលវាមានសមត្ថភាពថតបានក្នុងកម្រិត ១១ megapixel។

ក្រៅពីការកែប្រែផ្នែក hardware ទៅលើកាមេរ៉ា លើទូរស័ព្ទស៊េរីថ្មី Pixel 8 និង Pixel 8 Pro ដែលត្រៀមប្រកាស Google ក៏បានធ្វើការកែប្រែ និង បន្ថែមមុខងារថ្មីទៅលើ software របស់កាមេរ៉ាលើទូរស័ព្ទរបស់ខ្លួនផងដែរ។ Google គ្រោងនឹងប្រកាសចេញនូវទូរស័ព្ទលំដាប់កំពូលរបស់ខ្លួនទាំង ២ម៉ូដែលនេះ នៅក្នុងខែតុលា ឆ្នាំ ២០២៣ខាងមុខ៕

អត្ថបទពាក់ព័ន្ធ