ក្រុមហ៊ុន Huawei Technologies Co បានដាក់បង្ហាញផលិតផលថ្មីជាច្រើន រួមទាំងម៉ាកស្មាតហ្វូនស៊េរីខ្ពស់ថ្មី Ultimate Design កាលពីថ្ងៃច័ន្ទ កន្លងទៅ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ កំពុងព្យាយាមធ្វើឱ្យអាជីវកម្ម របស់ខ្លួនរស់ឡើងវិញ។
ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលស្មាតហ្វូនស៊េរី Mate 60 របស់ក្រុមហ៊ុនត្រូវបានទទួលការគាំទ្រ ក្នុងចំណោមអ្នកប្រើប្រាស់ចិន ដែលបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅគគុកថាក្រុមហ៊ុន Huawei កំពុងចាប់ផ្តើមការត្រលប់មកវិញដ៏រឹងមាំនៅក្នុងអាជីវកម្មស្មាតហ្វូនរបស់ខ្លួន បើទោះបីជាមានការរឹតបន្តឹងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងរយៈពេល 3 ឆ្នាំកន្លងមកក៏ដោយ។
លោក Yu Chengdong នាយកប្រតិបត្តិនៃ ឧបករណ៍អេឡិចត្រូនិច របស់ក្រុមហ៊ុន Huawei បាននិយាយនៅក្នុងព្រឹត្តិការណ៍សម្ពោធមួយនៅទីក្រុង Shenzhen ខេត្ត Guangdong ថាក្រុមហ៊ុនកំពុងប្រជែងនឹងពេលវេលាដើម្បីផលិតស្មាតហ្វូនស៊េរី Mate ។
ម៉ាកយីហោលំដាប់ខ្ពស់ចុងក្រោយបំផុត Ultimate Design មានតារាហុងកុង Andy Lau ជា Brand Ambassador ម៉ាករបស់ខ្លួន។ កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុន Huawei បានដាក់បង្ហាញនាឡិកាឆ្លាតវៃ និងស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួន ដែលជាការជំរុញចុងក្រោយបំផុតរបស់ក្រុមហ៊ុនក្នុងការពង្រីកវត្តមានរបស់ខ្លួនបន្ថែមទៀត។
ទន្ទឹមនឹងនេះដែរ លោក Yu បាននិយាយថា ឥឡូវនេះមានអ្នកប្រើប្រាស់ជាង 600 លាននាក់នៃប្រព័ន្ធប្រតិបត្តិការ Harmony ដែលអភិវឌ្ឍដោយ ក្រុមហ៊ុន Huawei ផ្ទាល់។
ស្ថាបនិកក្រុមហ៊ុន Huawei Technologies Co លោក Ren Zhengfei បាននិយាយថា ប្រព័ន្ធប្រតិបត្តិការជាង 30 នៅក្នុងប្រទេសចិនបច្ចុប្បន្នត្រូវបានបង្កើតឡើងដោយផ្អែកលើកំណែ Open-source Harmony ៕