ក្រុមហ៊ុន Huawei Technologies Co បានបង្ហាញកំណែថ្មីនៃប្រព័ន្ធប្រតិបត្តិការដែលអភិវឌ្ឍដោយខ្លួនឯងឈ្មោះថា HarmonyOS កាលពីពេលថ្មីៗនេះ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាចិនពន្លឿនកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស និងបង្កើតប្រព័ន្ធ software ecosystem ចំពេលមានការរឹតបន្តឹងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលក្រុមហ៊ុន Huawei បានប្រកាសថាឧបករណ៍ជាង 800 លាន រួមទាំងផលិតផលម៉ាកផ្ទាល់ខ្លួន និងឧបករណ៍ពីក្រុមហ៊ុនភាគីទីបី ឥឡូវនេះត្រូវបានបំពាក់ដោយ HarmonyOS កើនឡើងពី 700 លានឧបករណ៍កាលពី 5 ខែមុន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរការពង្រីកប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។ លោក Yu Chengdong នាយកប្រតិបត្តិនៃ Huwaei’s Consumer Business Group បាននិយាយនៅក្នុងសន្និសីទមួយនៅទីក្រុង Shenzhen ខេត្ត Guangdong ថាប្រព័ន្ធប្រតិបត្តិការ HarmonyOS Next នឹងផ្តោតលើអ្នកបង្កើតកម្មវិធី software Developers។
លោក Yu បាននិយាយថាកំណែនៃប្រព័ន្ធប្រតិបត្តិការថ្មីនេះកាន់តែងាយស្រួលប្រើ រលូន សុវត្ថិភាព ឆ្លាតវៃ និងទំនាក់ទំនងគ្នាទៅវិញទៅមក ហើយ HarmonyOS អាចបើកព្រំដែនថ្មីនៃឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ។ លោក Yu បានបន្តថា “ប្រព័ន្ធប្រតិបត្តិការពិតប្រាកដតម្រូវឱ្យមានមូលដ្ឋានគ្រឹះ និងប្រព័ន្ធអេកូឡូស៊ី។ HarmonyOS បានវិវត្តទៅជាប្រព័ន្ធប្រតិបត្តិការដែលដំណើរការយ៉ាងរលូននៅលើឧបករណ៍ចម្រុះជាច្រើន”។ យ៉ាងណាមិញ HarmonyOS Next នឹងលែងគាំទ្រកម្មវិធី Android ឬអានកូដ Android បានទៀតហើយ។ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុន Huawei ៕