ក្រោយឆ្លងកាត់បទពិសោធន៍នៃការរៀបចំប្រឡងប្រជែងកន្លងមក ជាពិសេសការប្រឡងប្រជែងគ្រូបង្រៀនអនុវិទ្យាល័យ ដែលមានបេក្ខជនចូលរួមដាក់ពាក្យច្រើនលើសលប់មិនធ្លាប់មាន ក្រសួងមុខងារសាធារណៈ បានប្រជុំដកស្រង់បទពិសោធន៍ និងស្វែងរកវិធីសាស្ត្រនានា ដើម្បីអភិវឌ្ឍការរៀបចំការប្រឡងប្រជែងឱ្យបានកាន់តែប្រសើរនាថ្ងៃអនាគតប្រកបដោយនវានុវត្តន៍។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង។
ក្រោយនាំយក ការកោតសរសើររបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដល់ក្រសួងមុខងារសាធារណៈ ដែលបានដឹកនាំរៀបចំ និងអនុវត្តការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចំនួន ៦លើក កន្លងមកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យក្រុមការងារបានរាយការណ៍អំពីដំណើរការនៃការរៀបចំការប្រឡងប្រជែងគ្រូបង្រៀនអនុវិទ្យាល័យ ចាប់តាំងពីពេលជូនដំណឹង រហូតដល់ប្រកាសលទ្ធផល និងបញ្ហាមួយចំនួនដែលបានកើតឡើងក្នុងអំឡុងពេលបំពេញការងារជាក់ស្តែង។ ទន្ទឹមនឹងការធ្វើរបាយការណ៍នៃបញ្ហាប្រឈម អង្គប្រជុំដោយមានអង្គភាពជំនាញចូលរួម បានធ្វើបទបង្ហាញអំពីគំរូសម្រាប់ដំណោះស្រាយនានា ជាពិសេសការរៀបចំវិញ្ញាសា និងការកែសន្លឹកកិច្ចការដោយស្វ័យប្រវត្តិ ដែលបត់បែនស្របតាមស្ថានភាពជាក់ស្តែងនៃបរិមាណបេក្ខជន ការវិវឌ្ឍនៃបរិបទបច្ចេកវិទ្យា និងឌីជីថល។
ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្រេចគោលការណ៍នានា ដើម្បីកែលម្អការរៀបចំការប្រឡងប្រជែងទៅថ្ងៃខាងមុខ ព្រមទាំងបានណែនាំឱ្យក្រុមការងារបច្ចេកទេសបន្តសិក្សាឱ្យកាន់តែលម្អិតលើសំណើ ដែលបានបង្ហាញ មុនពេលដែលគណៈកម្មការសម្រេចដាក់អនុវត្ត ហើយអនុវត្តឱ្យមានប្រសិទ្ធភាព។
គួររំលឹកផងដែរថា ក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែងចំនួន៦ ដង និងបានជ្រើសរើសមន្ត្រីរាជការចំនួន៩៧៥នាក់ ចូលបម្រើការងារតាមក្រសួង ស្ថាប័ន។ ខណៈនេះ ក្រសួងកំពុងរៀបចំ ផែនការការងារប្រឡងប្រជែងគ្រូបឋមសិក្សាចំនួន ៣៨១៦៨ នាក់។ សូមបន្តតាមដានការផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងនានា នៅលើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈចំនួនពីរគឺ ក្រសួងមុខងារសាធារណៈ និងព័ត៌មានមុខងារសាធារណៈ៕