fbpx

តំណាងទីស្នាក់ការកណ្តាលរបស់អង្គការស្វីស ខន់ថាក់ ចុះវាយតម្លៃសមិទ្ធផលនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាល ហូកា!

អត្ថបទដោយ រាជ មេសា
87 views

ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. និងក្រុមការងារ បានជួបពិភាក្សាជាមួយលោកស្រី Barbara Pearn ទីប្រឹក្សាផ្នែកអភិវឌ្ឍន៍ជំនាញ នៃមូលនិធិស្វីសសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីផ្តល់ធាតុចូលសំខាន់ៗក្នុងការវាយតម្លៃលើការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤” នៅទីស្តីការក្រសួងទេសចរណ៍។

លោកប្រធានលេខាធិការដ្ឋានបានបង្ហាញពីសមិទ្ធផលសំខាន់របស់ក្រសួងទេសចរណ៍ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកចិ្ច ហូកា ដោយក្នុងនោះបានរំលេចនូវលទ្ធផលសំខាន់ៗរួមមាន៖
១. កម្មវិធីអភិវឌ្ឍន៍ជំនាញបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងគុណភាពបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនៅថ្នាក់ក្រោមជាតិ ផ្តល់ឱកាសការងារដល់យុវជន និងវិថីអភិវឌ្ឍន៍ច្បាស់លាស់។ ក្នុងដំណាក់កាលទី២ ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលយុវជនសរុបចំនួន ៤,៥៦៦នាក់ លើជំនាញអាទិភាពចំនួន ៩ជំនាញ និងក្នុងខេត្តគោលដៅចំនួន ១០ខេត្តទូទាំងប្រទេស។
២. កម្មវិធី ហូកា បានផ្តល់នូវភាពអង់អាច និងភាពម្ចាស់ការ ដល់មន្ទីរទេសចរណ៍ខេត្ត ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ជំនាញដល់អ្នកជំនាញបានយ៉ាងល្អប្រសើរ ជាពីសេសបានបង្កើតនូវធនធានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលដែលមានសមត្ថភាព។
៣. កម្មវិធី ហូកា បានផ្តល់នូវទំនុកចិតដល់វិស័យឯកជនលើគុណភាពបណ្តុះបណ្តាល ដែលធ្វើឲ្យមានភាពជិតស្និតរវាងមន្ទីរទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ និងការចូលរួមបដិភាគផងដែរ។
៤.​កម្មវិធី ហូកា បានបង្កើតជាទម្រង់នៃកិច្ចសហប្រតិបត្តិការរវាងមន្ទីរទេសចរណ៍ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បីជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចឲ្យកាន់តែទូលំទូលាយនៅថ្ងៃខាងមុខ។
៥. បានកសាងឯកសារបណ្តុះបណ្តាល​ ហូកា ដែលមានគុណភាព និងស្របតាមតម្រូវការជំនាញនៅថ្នាក់ក្រោមជាតិ។
៦. កម្មវិធី ហូកា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍តាមរយៈការផ្សព្វផ្សាយតាមមធ្យោបាយនានា កម្មវិធី “ទិវាជំនាញ ហូកា” ការតាំងបង្ហាញជំនាញ និងការប្រកួតជំនាញជាដើម។
៧. កម្មវិធី ហូកា ដែលជាកម្មវិធីពង្រឹងសមត្ថភាបុគ្គលិកបច្ចុប្បន្ន បានប្រែក្លាយទៅជាកម្មវិធីបណ្តុះបណ្តាលពេញម៉ោង ដែលដឹកនាំដោយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សមាគមឧស្សាហកម្មទេសចរណ៍ និងគម្រោងបណ្តុះបណ្តាលនានា។

ជាចុងបញ្ចប់លោកស្រី Barbara Pearn ទីប្រឹក្សាអភិវឌ្ឍន៍ជំនាញ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងលេខាធិការដ្ឋាន ដែលបានអនុវត្តការងារបានយ៉ាងសកម្ម មានលទ្ធផលខ្ពស់ គុណភាព តម្លាភាព និងមានភាពបត់បែនខ្ពស់ ដែលធ្វើឲ្យកម្មវិធីនេះមានភាពល្បីល្បាញ និងទទួលសាទរពីវិស័យឯកជន និងមជ្ឈដ្ឋាននានា។

អត្ថបទពាក់ព័ន្ធ