អ្នកសាងសង់ផ្លូវដែករបស់ប្រទេសចិន បាននិយាយកាលពីពេលថ្មីៗនេះ ថា ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ប្រទេសចិន ត្រូវបានរចនាឡើងដើម្បីរត់ក្នុងល្បឿនអតិបរមា 350 គីឡូម៉ែត្រក្នុងមួយម៉ោង គ្រោងនឹងដំណើរការនៅថ្ងៃទី 28 ខែកញ្ញានៅក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន។
យោងតាមក្រុមហ៊ុន China State Railway Group Co., Ltd បានឱ្យដឹងថា ផ្លូវរថភ្លើងនេះត្រូវបានគេរំពឹងថានឹងតភ្ជាប់ទីក្រុង Fuzhou និង Xiamen ដែលជាទីក្រុងធំពីរនៅក្នុងខេត្ត Fujian ដោយកាត់បន្ថយពេលវេលាធ្វើដំណើររវាងផ្លូវទាំងពីរនេះមកត្រឹមតែ 55 នាទីប៉ុណ្ណោះ។ ក្រុមហ៊ុនសាងសង់ផ្លូវដែករបស់ចិន បាននិយាយថា ការពង្រីកប្រវែងសរុប 277 គីឡូម៉ែត្រ ផ្លូវរថភ្លើងនេះ នឹងរត់កាត់ទីក្រុង Fuzhou, Putian, Quanzhou, Xiamen និង Zhangzhou ។
គួរឱ្យដឹងថា ការសាងសង់ផ្លូវដែកនេះបានចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ២០១៧។ ក្រុមហ៊ុនសាងសង់បានបន្ថែមថា ផ្លូវរថភ្លើងនេះ នឹងបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃជាច្រើន រួមទាំង Internet of Things, edge computing និងប្រព័ន្ធព័ត៌មានភូមិសាស្រ្ត ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និង ផាសុកភាព។ ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ប្រទេសចិននេះ គឺស្ថិតនៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសចិន ខេត្ត Fujian ដែលជាខេត្តមានធនធានវប្បធម៌ និងទេសចរណ៍ដ៏ច្រើនសន្ធឹកសន្ធាប់៕