ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យឡើងវិញនូវមុខងាររបស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងគោលបំណង ដើម្បីផ្ដល់ការ ត្រួតពិនិត្យមុខងារឡើងវិញឲ្យទូលំទូលាយ និងស៊ីជម្រៅ ប្រកបដោយគុណភាពគ្រប់គ្រាន់ ក៏ដូចជា ដើម្បីដឹកនាំការកំណត់អាទិភាពនៃដំណើរការកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យអប់រំ ឆ្ពោះទៅកែលម្អការផ្តល់សេវាអប់រំ។
កិច្ចប្រជុំនេះបានផ្តោតការពិភាក្សាយ៉ាងផុសផុល លើការពិនិត្យឡើងវិញរចនាសម្ព័ន្ធក្រសួង បែងចែងការងារ វិភាគមុខងារ ដោយកាត់ចេញកន្លែងជាន់គ្នា រៀបចំឡើងវិញរចនាសម្ព័ន្ធក្រសួង ជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរ និងទាន់ពេលវេលា តបតាមអនុសាសន៍របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលណែនាំឲ្យ រដ្ឋបាលសាធារណៈត្រូវធ្វើ កំណែទម្រង់ ធ្វើទំនើបកម្ម និងកែសម្រួលជាប់ជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ ឲ្យគ្រប់នាយកដ្ឋានត្រួតពិនិត្យ និងរៀបចំភារកិច្ច ការទទួលខុសត្រូវខ្លួនឯងឡើងវិញឲ្យឆាប់រហ័ស ត្រូវដាក់គោលការណ៍ ពង្រឹងមន្ត្រីដែលមានស្រាប់ ជាជាងការជ្រើសរើសមន្ត្រីថ្មី ត្រូវផ្ដល់ការ បណ្ដុះបណ្ដាលដែលចាំបាច់ ដាក់ផែនការជ្រើសរើសមន្ត្រីឯកទេស តាមនាយកដ្ឋាននីមួយៗ និងពិនិត្យរៀបចំចំនួនគ្រូនៅតាមសាលារៀនឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល៕