ក្នុងរយៈពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលជាមួយនឹងអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានបច្ចេកទេសនានា របស់ក្រសួងមុខងារសាធារណៈ ជាបន្តបន្ទាប់ និងដែលទើបតែត្រូវបានបញ្ចប់កាលពីម្សិលមិញនេះ។
ទន្ទឹមនឹងនេះ អ្វីដែលជាការកត់សម្គាល់ចេញពីជំនួបកន្លងមកនោះ និងតាំងពីពេលឯកឧត្តមរដ្ឋមន្ត្រីកាន់តួនាទី ភារកិច្ចជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី មិនបាននាំយកក្រុមការងារបច្ចេកទេសមកក្រសួងមុខងារសាធារណៈឡើយ។ ក្រៅពីក្រុមការងារ និងមន្ត្រីនៅខុទ្ទកាល័យ មានតែក្រុមការងារក្នុងកម្រិតនយោបាយតែប៉ុណ្ណោះដែលមានវត្តមានជាមួយឯកឧត្តមនៅក្រសួងមុខងារសាធារណៈ។
ក្នុងជំនួបនីមួយឯកឧត្តម តែងតែបានលើកឡើងថា ការធ្វើបែបនេះ ដោយសារឯកឧត្តម មានទំនុកចិត្តខ្ពស់ និងមានភាពជឿជាក់លើសមត្ថភាព របស់ក្រុមការងារបច្ចេកទេសទាំងអស់ ដែលមានស្រាប់នៅក្រសួងមុខងារសាធារណៈ ព្រោះក្រុមការងារទាំងអស់គ្នាសុទ្ធមានចំណេះ ជំនាញបច្ចេកទេស និងបទពិសោធន៍ជាច្រើនឆ្នាំលើការងាររួចមកហើយ។ ឯកឧត្តម បានលើកឡើងបន្ថែមថា អ្វីដែលយើងបន្តធ្វើគឺ រួមសហការគ្នា ជាមួយការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ ក្នុងគោលដៅ កែប្រែទស្សនវិស័យរបស់សម្តេចធិបតីជាសមិទ្ធកម្មការងារពិតប្រាកដ ហើយឆ្លើយតបជាមួយការងារកែទម្រង់រដ្ឋបាលសាធារណៈដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
គួររំលឹកផងដែរថា កិច្ចប្រជុំកន្លងមក ត្រូវបានរៀបចំឡើងក្នុងគោលបំណងឈ្វេងយល់ពីគ្នាទៅវិញទៅមក ស្តាប់របាយការណ៍ និងបទពិសោធន៍ ព្រមទាំងជាឱកាសសម្រាប់ការលើកឡើងនូវបញ្ហាប្រឈមដែលក្រុមការងារបានជួបប្រទះកន្លងមក ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយជាមួយគ្នា ហើយឆ្លើយតបជាមួយនឹងការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។