fbpx

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំ ស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា

អត្ថបទដោយ រាជ មេសា
93 views

នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការស្រាវជ្រាវពិតជាមានសារៈសំខាន់ ខណៈដែលកំណើនប្រជាជនពិភពលោកបន្តកើនឡើង ដែលការណ៍នេះទាមទារឱ្យមានការវិវត្តន៍ ដើម្បីឆ្លើយតបនឹងតម្រូវការស្បៀងអាហារ និងអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់។ ដោយឡែក កម្ពុជាបានឈានដល់ការមានហូបគ្រប់គ្រាន់ និងកំពុងធ្វើយ៉ាងណាជួយឱ្យប្រជាជនកម្ពុជាមានបាន ព្រមទាំងមាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការស្រាវជ្រាវលើគ្រប់អនុវិស័យទាំងអស់ ត្រូវមានគោលការណ៍ជាក់លាក់ គ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ទាំងក្នុងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ ដូច្នេះហើយ ការវិនិយោគលើការស្រាវជ្រាវទាមទារឱ្យ អ្នកអនុវត្តប្រើប្រាស់ថវិកាឱ្យចំគោលដៅ ផ្ដល់ផលវិជ្ជមាន ចំណាយតិច មិនបន្ថែមបន្ទុកដល់កសិករ ផ្ដោតជាចម្បងលើនិរន្តរភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយអាទិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍នានា ដែលកំពុងបន្តចូលរួមគាំទ្រការងារគោលនយោបាយអាទិភាព និងយុទ្ធសាស្ត្រ ដែលជាដំណើរការដ៏ត្រឹមត្រូវ ដើម្បីជួយដល់កសិករមាននិរន្តរភាពសេដ្ឋកិច្ច ហើយអាចជួយដល់បរិស្ថាន និងធនធានធម្មជាតិផង៕

អត្ថបទពាក់ព័ន្ធ