fbpx

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

អត្ថបទដោយ រាជ មេសា
80 views

នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មី ក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើវិស័យស្រូវអង្ករនៅប្រទេសគុយបា។ ជាមួយគ្នា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ មានផលចំណេញ មានសុវត្ថិភាព និងសន្តិសុខដល់អ្នកវិនិយោគកម្ពុជា គឺចាំបាច់ត្រូវធ្វើការសិក្សាឱ្យបានត្រឹមត្រូវច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពផ្លូវច្បាប់ និងនយោបាយ ព្រមទាំងឱកាសនៃការវិនិយោគ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការកសាងទំនុកចិត្តទាំងអស់គ្នា ជាមួយនឹងវិស័យឯកជន គឺចាំបាច់ ដើម្បីសហការ ចូលរួមជាមួយគ្នា ពិនិត្យ និងស្វែងរកដំណោះស្រាយ ដែលល្អ ទទួលយកបាន អនុលោមតាមច្បាប់វិនិយោគ និងច្បាប់ប្រទេស ផ្តល់ផលចំណេញទាំងអស់គ្នា និងមាននិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការទទួលបានការសម្របសម្រួលការវិនិយោគឱ្យមានភាពងាយស្រួល ទាំងចរន្តសាច់ប្រាក់ ទីផ្សារ និងភស្តុភាកម្ម (Logistic) ព្រមទាំងបច្ចេកវិទ្យា និងធាតុចូលកសិកម្ម ដែលមានតម្លៃសមរម្យ សម្រាប់បង្កើនផលិតភាព គឺជាកត្តារួមចំណែកដ៏សំខាន់ ដើម្បីទទួលបានជោគជ័យ និងទាក់ទាញអ្នកវិនិយោគ៕

អត្ថបទពាក់ព័ន្ធ