នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យការភ្ញាស់កូនត្រី និងសមាសភាពលទ្ធភាពនៃការបង្កាត់ភ្ញាស់ នៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
បន្ទាប់ចុះពិនិត្យកន្លែងបង្កាត់ និងភ្ញាស់កូនត្រី ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជំរុញការពិនិត្យពីលក្ខណៈមេពូជសក្តានុពល និងត្រីដែលជិតផុតពូជឱ្យបានច្បាស់លាស់ទៅតាមបច្ចេកទេស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការគិតគូរលក្ខណៈសេដ្ឋកិច្ច ធ្វើឱ្យមានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពពិតប្រាកដ។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបន្ថែមឱ្យវិទ្យាស្ថានពិនិត្យលទ្ធភាពដាក់ប្រើប្រាស់ផ្ទាំងថាមពលសូឡា ដែលចំណាយតិច និងសន្សំសំចៃ ដើម្បីជួយសម្រួលដល់ដំណើរការនៃការសិក្សាស្រាវជ្រាវ និងការប្រើប្រាស់ក្នុងវិទ្យាស្ថាន ជាពិសេសការពិសោធ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់វិទ្យាស្ថាន ឱ្យពិនិត្យលទ្ធភាពបន្ថែមផងដែរ លើការបង្កាត់និងពង្រីកពូជត្រីលម្អ ដែលអាចមានទីផ្សារល្អ និងមានតម្លៃខ្ពស់។
សូមបញ្ជាក់ថា ការផលិតកូនត្រីពូជនៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ចែកចេញជាពីរ គឺ៖ ត្រីស្រាវជ្រាវ និងត្រីផលិតកម្ម។ ត្រីសម្រាប់ស្រាវជ្រាវមាន ៥ប្រភេទ ដូចជា៖ ត្រីខ្យា ត្រីគ្រំ ត្រីត្រចៀកដំរី ត្រីខ្ជឹង និងត្រីក្រាយ។ រីឯត្រីសម្រាប់ផលិតកម្មមានចំនួន ៧ប្រភេទ ដូចជា៖ ត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីកាបស ត្រីកាបក្បាលធំ ត្រីរាហ៊ូ និងបង្កង៕