ក្រុមហ៊ុន Huawei Technologies Co កំពុងរៀបចំផែនការត្រឡប់មកវិញយ៉ាងរឹងមាំនៅក្នុងទីផ្សារស្មាតហ្វូន។ អ្នកឃ្លាំមើលទីផ្សារបាននិយាយថា ក្រុមហ៊ុន Huawei ហាក់ដូចជាមានចេតនាក្នុងការប្រមូលចំណែកកាន់តែច្រើននៃទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន។
ពួកគេបាននិយាយថា ការត្រលប់មកវិញរបស់ក្រុមហ៊ុន Huawei ទំនងជានឹងចាក់បញ្ចូលនូវភាពរឹងមាំកាន់តែខ្លាំងទៅក្នុងទីផ្សារស្មាតហ្វូនដែលឃើញថាមានការធ្លាក់ចុះសម្រាប់មួយត្រីមាសនេះ ហើយអាចប្រកួតប្រជែងជាមួយម៉ាកយីហោថ្មីៗដូចជា Honor ជាដើម។ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៣នេះ ចំណែករបស់ក្រុមហ៊ុន Huawei នៅក្នុងទីផ្សារស្មាតហ្វូនក្នុងស្រុកបានកើនឡើងដល់ ១៣ ភាគរយ ពី ៧,៣ភាគរយកាលពីឆ្នាំមុន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការកើនឡើងរបស់ Huawei បានកើតឡើងចំពេលដែលទីផ្សារកំពុងធ្លាក់ចុះយ៉ាងយូរ។ ទន្ទឹមនឹងនេះ នៅក្នុងសន្និសិទអ្នកអភិវឌ្ឍន៍កម្មវិធី App ក្រុមហ៊ុន Huawei បានបង្ហាញសមត្ថភាព AI នៅក្នុងទូរសព្ទដៃដែលឃើញថាមានភាពប្រសើរឡើង ដោយដំណើរការដោយ LLM ដែលអភិវឌ្ឍដោយខ្លួនឯង ហើយវាជាបច្ចេកវិទ្យាសំខាន់មួយ។
ដោយប្រើភាពជឿនលឿនរបស់ខ្លួននៅក្នុងឧបករណ៍រចនាបន្ទះឈីប រួមជាមួយនឹងការផលិតបន្ទះឈីប ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការទិញបន្ទះឈីប 5G ក្នុងស្រុកពីក្រុមហ៊ុន Semiconductor Manufacturing International Corp នៅចុងឆ្នាំនេះ។ អ្នកជំនាញបាននិយាយថា ប្រសិនបើផែនការរលាយបាត់ ឧស្សាហកម្មស្មាតហ្វូនរបស់ចិននឹងមានការផ្លាស់ប្តូរធំ។ Huawei និង SMIC មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍បែបនេះទេ ប៉ុន្តែអ្នកតាមដានទីផ្សារមួយចំនួនជឿថារបាយការណ៍នេះជាការពិត។
ភាពជោគជ័យនៅខាងមុខអាចជះឥទ្ធិពលធំដល់ក្រុមហ៊ុន Honor Device Co ដែលបានផ្តាច់ចេញពីក្រុមហ៊ុន Huawei ជាងពីរឆ្នាំមុន។ Honor ត្រូវបានគេមើលឃើញថាជាអ្នកជំនួសក្រុមហ៊ុន Huawei ចំពេលមានការរឹតបន្តឹងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ អ្នកជំនាញបានិយាយថា ប៉ុន្តែឥឡូវនេះ ជាមួយនឹងក្រុមហ៊ុន Huawei នៅលើផ្លូវត្រឡប់មកវិញ ទូរស័ព្ទ Honor អាចបាត់បង់ភាពទាក់ទាញរបស់ពួកគេនៅក្នុងក្រសែភ្នែកអ្នកប្រើប្រាស់។