រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi បានជំនួសឈ្មោះប្រទេសឥណ្ឌាដោយពាក្យសំស្រ្កឹតនៅក្នុងការអញ្ជើញអាហារពេលល្ងាចដែលបានផ្ញើទៅភ្ញៀវដែលចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅសប្តាហ៍នេះ ក្នុងសកម្មភាពដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់គណបក្សជាតិនិយមហិណ្ឌូរបស់លោកក្នុងការលុបបំបាត់នូវអ្វីដែលខ្លួនមើលឃើញថាជាឈ្មោះដែលបន្សល់ពីសម័យអាណានិគម។
ប្រធានាធិបតីឥណ្ឌា Droupadi Murmu ត្រូវបានគេហៅថាជា “ប្រធានាធិបតី Bharat” ជំនួសឱ្យ “ប្រធានាធិបតីឥណ្ឌា” នៅក្នុងការអញ្ជើញដែលបានផ្ញើទៅអ្នកចូលរួម G20 ។ ប្រទេសដែលមានប្រជាជនជាង 1.4 ពាន់លាននាក់នេះ ត្រូវបានគេស្គាល់ជាផ្លូវការដោយឈ្មោះពីរគឺ ឥណ្ឌា និង Bharat ប៉ុន្តែឈ្មោះចាស់ ត្រូវបានគេប្រើច្រើនបំផុត ទាំងក្នុងស្រុក និងក្រៅស្រុក។ Bharat គឺជាពាក្យសំស្រ្កឹតបុរាណ ដែលប្រវត្ដិវិទូជាច្រើនជឿថា មានដើមកំណើតពីសិលាចារិក ហិណ្ឌូសម័យដើម។
ពាក្យ Bharat នេះក៏មានន័យថា ឥណ្ឌាជាភាសាហិណ្ឌូផងដែរ។ ការផ្លាស់ប្តូរនៅឈ្មោះប្រទេសនេះ ត្រូវបានគាំទ្រដោយមន្ត្រីនៃគណបក្ស Bharatiya Janata របស់ លោក Modi។ ពួកគេប្រកែកថាឈ្មោះឥណ្ឌាត្រូវបានណែនាំដោយអាណានិគមអង់គ្លេសហើយជា “និមិត្តសញ្ញានៃទាសករ ” ។ អង់គ្លេសបានគ្រប់គ្រងប្រទេសឥណ្ឌាប្រហែល ២០០ ឆ្នាំរហូតដល់ប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៧។
គណបក្សរបស់លោក Modi បានព្យាយាមជាយូរមកហើយដើម្បីលុបឈ្មោះដែលទាក់ទង ឥណ្ឌា និងអតីតកាលអាណានិគម។ រដ្ឋាភិបាលរបស់លោក Modi និយាយថា ការផ្លាស់ប្តូរឈ្មោះប្រទេស គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីទាមទារយកអតីតកាលហិណ្ឌូរបស់ប្រទេសឥណ្ឌាមកវិញ៕