ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឥណ្ឌូនេស៊ីកាន់តែខិតជិតមកដល់ អ្វីដែលគេចាប់អារម្មណ៍នោះគឺបារី មានកំណើនទិញយ៉ាងខ្លាំងពីពលរដ្ឋឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៍មាន Channel News Asia។
ឥណ្ឌូនេស៊ី នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ហើយគេសង្កេតឃើញថា បារី ស្ទើរតែដាច់ស្តុករកមកលក់មិនចង់បានដោយសារតែមានការសម្រុកទិញ ដូចទឹកបាក់ទំនប់។ តាមការឱ្យដឹងពីម្ចាស់ដេប៉ូចែកចាយបារី នៅឥណ្ឌូនេស៊ី អ្នកស្រី Rosalina បានឱ្យដឹងថា នៅរៀងរាល់ការបោះឆ្នោត ម្តងៗ គឺអ្វីដែលលក់ដាច់ខ្លាំងគឺបារី នេះឯង ដោយតម្រូវការពីពលរដ្ឋ នឹងកើនឡើងខ្លាំងនៅក្នុងរង្វង់រយៈពេល ចន្លោះពី ២ ទៅ ៣ខែ។
តាមការឱ្យដឹងពីប្រភពខាងលើ បានបន្តថា ប្រសិនបើមិនមែនជារដូវកាលបោះឆ្នោតទេ គឺរោងចក្ររបស់អ្នកស្រី ផលិតបារីតែ៤០០ ប្រអប់ប៉ុណ្ណោះ នៅក្នុងរយៈពេល ១សប្តាហ៍ ប៉ុន្តែនៅក្នុងរដូវកាលបោះឆ្នោតជាតិនេះ គឺកើនឡើងដល់ ៥០០ប្រអប់ នៅក្នុងរយៈពេល ១សប្តាហ៍ ដោយក្នុង១ប្រអប់ មានបារី ចំនួន ៥០០កញ្ចប់។
ចំពោះមូលហេតុនៃតម្រូវការបារីកើនឡើងនេះ ប្រធានសភាពាណិជ្ជកិច្ចឥណ្ឌូនេស៊ី ប្រចាំ East Java បានឱ្យដឹងថា ដោយសារតែនៅពេលរដូវកាលបោះឆ្នោតម្តងៗ គឺតែងតែមានការជួបជុំពីសំណាក់ពលរដ្ឋ តួយ៉ាងដូចជាជួបជុំជជែកគ្នានៅតាម តុកាហ្វេជាដើម៕