fbpx

ឥណ្ឌូណេស៊ីគ្រោងនឹងនាំចូលអង្ករក្នុងចំនួនតិចនៅក្នុងឆ្នាំ២០២៤

អត្ថបទដោយ រាជ មេសា
153 views

ទីភ្នាក់ងារភស្តុភារជាតិនៃប្រទេសឥណ្ឌូណេស៊ី (Bulog) បានប្រកាសកាលពីពេលថ្មីៗនេះថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងកំណត់កូតានៃការនាំចូលអង្ករសម្រាប់ឆ្នាំ២០២៤ ចំនួន ២លានតោនដែលថយចុះពីចំនួន ៣,៨លានតោននៅក្នុងឆ្នាំនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លេខាធិការសាជីវកម្មរបស់ទីភ្នាក់ងារ Bulog លោក អាវ៉ាលូឌីន អ៊ីកបាល បាននិយាយថា ការនាំចូលទាំងនោះនឹងអាស្រ័យទៅលើការផ្គត់ផ្គង់ និងតម្រូវការក្នុងស្រុក។

ប្រទេសឥណ្ឌូណេស៊ីក៏បានប្រកាសផងដែរថា ខ្លួននឹងបន្តកម្មវិធីជំនួយសង្គមអង្កររហូតដល់ខែមិថុនា ឆ្នាំ២០២៤។ កម្មវិធីដែលនឹងផុតកំណត់នៅខែក្រោយមួយនេះ ផ្តល់អង្ករដល់គ្រួសារដែលមានចំណូលទាបចំនួន ២២លាននាក់ ដើម្បីការពារជនក្រីក្រពីការកើនឡើងតម្លៃអង្ករ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ហ្ស៊ុលគីហ្វលី ហាសាន់ បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសម្រេចចិត្តបន្តកម្មវិធីនោះ ដោយសារតែតម្លៃអង្ករនៅមិនទាន់ធ្លាក់ចុះនៅឡើយ។

ការកើនឡើងតម្លៃនេះបណ្តាលមកពីគ្រោះរាំងស្ងួតដែលទាក់ទងនឹងបាតុភូតអាកាសធាតុអ៊ែលនីណូ ដែលធ្វើឱ្យបានប៉ះពាល់ដល់ការប្រមូលផល។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ធ្លាប់បាននិយាយថា តម្លៃអង្ករបានឡើងថ្លៃ ១៩,៨% គិតត្រឹមចុងខែតុលា។

ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន ១,៧៩លានតោន ខណៈដែលស្តុកអង្កររបស់ទីភ្នាក់ងារ Bulog នៅតែមានចំនួន ១,៤លានតោន គិតត្រឹមដើមខែវិច្ឆិកានេះ។

កន្លងមក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ទីភ្នាក់ងារ Bulog បានប្រកាសថា ខ្លួនបានចុះកិច្ចសន្យានាំចូលអង្ករចំនួន ១លានតោនក្នុងចំណោមកូតាបន្ថែមសរុបចំនួន ១,៥លានតោនពីប្រទេសចំនួន៤ គឺប្រទេសថៃ វៀតណាម ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា៕ ប្រភព៖ VNA

អត្ថបទពាក់ព័ន្ធ