យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា តម្រូវការសម្រាប់ត្រកូល iPhone 15 ថ្មីរបស់ Apple គឺចុះខ្សោយនៅក្នុងប្រទេសចិន ជាងម៉ូដែល iPhone 14 ដែលបានចេញកាលពីឆ្នាំមុន។ ការលក់ iPhone 15 ធ្លាក់ចុះ 4.5ភាគរយ នៅក្នុងប្រទេសចិន បើធៀបទៅនឹងការលក់ iPhone 14 ក្នុងរយៈពេលពីរសប្តាហ៍ដំបូងបន្ទាប់ពីការចេញលក់។ នេះបើយោងតាម Counterpoint Research ។
ដោយឡែកពីគ្នានោះ Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនហិរញ្ញវត្ថុ Jefferies បាននិយាយថាការលក់ iPhone 15 បានធ្លាក់ចុះចំនួនយ៉ាងគំហុក បន្ទាប់ពីតម្រូវការអតិថិជនផ្តោតទៅលើទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី Mate 60 របស់ក្រុមហ៊ុន Huawei ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple (AAPL) បានធ្លាក់ចុះ 0.08ភាគរយ។ របាយការណ៍នេះកើតឡើងចំពេលដែលសេដ្ឋកិច្ចចិនកំពុងជួបបញ្ហា និងការប្រកួតប្រជែងកាន់តែច្រើនក្នុងចំណោមអ្នកលក់លំដាប់ខ្ពស់នៅក្នុងប្រទេសចិន ជាពិសេសពីក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចរបស់ចិន Huawei ។
លោក Jeff Fieldhack នាយកស្រាវជ្រាវនៅក្រុមហ៊ុន Counterpoint បាននិយាយថា “យើងកំពុងមើលឃើញនូវជាតិនិយមជាច្រើននាពេលនេះ ខណៈដែលអ្នកប្រើប្រាស់ជនជាតិចិន ងាកទៅគាំទ្រផលិតផលរបស់ចិន ដោយសារតែរដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ហើយពលរដ្ឋក្រុងប៉េកាំងកំពុងនាំគ្នាទៅប្រើប្រាស់ស្មាតហ្វូនរបស់ Huawei Mate 60 ជំនួសវិញ។
ទន្ទឹមនឹងនេះ ប្រទេសចិននៅតែមានសារៈសំខាន់ចំពោះ Apple ព្រោះជាទីផ្សារធំបំផុតនៅពីក្រោយសហរដ្ឋអាមេរិក។ លោក Fieldhack បាននិយាយថាលោកមិនជឿថាក្រុមហ៊ុន Huawei នឹងវ៉ាដាច់ Apple នៅពេលនេះទេទាក់ទងនឹងការលក់ស្មាតហ្វូន ប៉ុន្តែរំពឹងថាការបន្តចាប់អារម្មណ៍លើ Mate 60 នឹងបន្តបង្កើនចំនួនលក់កាន់តែច្រើនថែមទៀត៕