fbpx

IRRI បន្តគាំទ្រដល់ការអភិវឌ្ឍន៍គោលនយោបាយ និងការលើកទឹកចិត្តក្នុងការផលិតកម្មស្រូវ ប្រកបដោយនិរន្តរភាពនៅកម្ពុជា

អត្ថបទដោយ រាជ មេសា
150 views

អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងសហការី បន្តគាំទ្រដល់ ការអភិវឌ្ឍន៍គោលនយោបាយ និងការលើកទឹកចិត្តក្នុងការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព ការអភិវឌ្ឍន៍ខ្សែសង្វាក់ តម្លៃ និងកសិកម្មឆ្លាតវៃនឹងអាកាសធាតុ ក៏ដូចជាធ្វើការស្រាវជ្រាវលើជម្រើសសេដ្ឋកិច្ច និងគោលនយោបាយសម្រាប់ការលើកកម្ពស់ ជីវភាពកសិករ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។​

ការបន្តគាំទ្រនេះធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខណៈ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈប្រតិភូ បានអនុញ្ញាតឱ្យ​ លោកបណ្ឌិត Ajay Kohli អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម អនុប្រធានទី១រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វីកលើកទី៣១ (APPF-31) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ជំនួបនេះ មានគោលបំណងពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការនៅពេលអនាគត ដោយផ្តោតសំខាន់លើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ រួមមានការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធពូជ ផលិតកម្មស្រូវប្រកបដោយចីរភាព កសិកម្មវៃឆ្លាតឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងក្រោយការប្រមូលផល ដំណោះស្រាយសេណេទិចស្រូវសម្រាប់បន្សាំទៅ នឹងការប្រែ ប្រួលអាកាសធាតុ​ ការគាំទ្របច្ចេកវិទ្យាផលិតពូជទំនើប និងការពង្រឹងសមត្ថភាពបន្ថែមដល់អ្នកវិទ្យាសាស្ត្រ និងអ្នកបង្កាត់ពូជស្រូវ របស់កម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានថ្លែងអំណរគុណដល់វិទ្យស្ថាន IRRI ដែលមានទំនាក់ទំនង ដៃគូយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍន៍ និងកែលម្ អវិស័យស្រូវរបស់កម្ពុជា តាំងពីអំឡុងឆ្នាំ១៩៨៦ ដែលចាប់ផ្តើមពីគម្រោងកម្ពុជាអ៊ែរី អូស្ត្រាលី (Cambodia-IRRI-Australia project) ក្នុងគោលបំណងបង្កើនផលិតកម្មស្រូវរបស់ប្រទេសកម្ពុជា និងផលិតភាពនៃប្រព័ន្ធផលិតកម្មស្រូវរបស់ខ្លួន ហើយបានណែនាំពូជ ដែលផ្តល់ទិន្នផលខ្ពស់ និងមានរយៈពេលខ្លី។ ចាប់តាំងពីឆ្នាំ១៩៨៧ មក IRRIបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងមិនមែន បច្ចេកទេសសម្រាប់ការពិនិត្យពូជ និងការចេញផ្សាយពូជស្រូវសម្រាប់ប្រព័ន្ធអេកូឡូស៊ីផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ ដោយសារ មួយផ្នែកនៃការណែនាំពូជដែលផ្តល់ទិន្នផលខ្ពស់ និងការទទួលយកបច្ចេកវិទ្យា កម្ពុជាបាននាំចេញអង្ករជាលើកដំបូងក្នុងឆ្នាំ១៩៩៥។ អង្ករផ្ការំដួល ជាអង្ករដ៏ល្បីរបស់កម្ពុជា ត្រូវបានជ្រើសរើសជា “អង្ករល្អបំផុតរបស់ពិភពលោក” នៅក្នុងសន្និសីទអង្ករពិភពលោក The Rice Trader World Rice Conferences ចំនួនប្រាំជាប់គ្នា៖ បាលី (២០១២), ហុងកុង (២០១៣), ភ្នំពេញ (២០១៤), ហាណូយ (២០១៨), និងភូកេត ប្រទេសថៃ (២០២២)។ លើសពីនេះទៀត IRRI បានជួយកម្ពុជាក្នុងការបង្កើតយុទ្ធសាស្ត្រគ្រាប់ពូជជាតិ គោលការណ៍ណែនាំ ផែនទីបង្ហាញផ្លូវគ្រាប់ពូជ និងផែនការសកម្មភាព ដើម្បីជួយសម្រួលដល់ការផលិត និងការចែកចាយគ្រាប់ពូជដែលមានគុណភាព និងកំណត់ពូជសមស្របទៅតំបន់ជាក់លាក់ ក៏ដូចជាគម្រោងផ្សេងៗទៀតដែលកំពុងអនុវត្តមកទល់សព្វថ្ងៃនេះ ដោយសហការជាមួយ ភាគីពាក់ព័ន្ធនានា។

តាមរយៈជំនួបនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀបបានសំណូមពរដល់អគ្គនាយកវិទ្យាស្ថានស្រាវ ជ្រាវស្រូវ អន្តរជាតិ (IRRI) និងសហការី បន្តគាំទ្រដល់ការអភិវឌ្ឍន៍គោលនយោបាយ និងការលើកទឹកចិត្តក្នុងការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយ និរន្តរភាព ការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ និងកសិកម្មឆ្លាតវៃនឹងអាកាសធាតុ ក៏ដូចជាធ្វើការស្រាវជ្រាវលើជម្រើសសេដ្ឋកិច្ច និង គោលនយោបាយសម្រាប់ការលើកកម្ពស់ជីវភាពកសិករ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៀត មានការជួយកែលម្អដំណាំស្រូវ និងប្រព័ន្ធគ្រាប់ពូជ​ ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព កសិកម្មឆ្លាតវៃ និងការគ្រប់គ្រងក្រោយ ការប្រមូលផល។

ជាការឆ្លើយតប លោកបណ្ឌិត Ajay Kohli អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងសហការី មានការពេញចិត្ត សម្រាប់ ទំនាក់ទំនងដ៏ល្អរវាងវិទ្យាស្ថាន IRRI និងរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ជាសេនាធិការ។ វិទ្យាស្ថាន IRRI ជម្រាបជូនអំពីការអភិវឌ្ឍន៍បច្ចេកវិទ្យាស្តីពីការបង្កាត់ពូជស្រូវ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជំងឺ ភាពរាំងស្ងួត ជាពិសេសការផលិតពូជស្រូវ ដែលផលិតបានជាអង្ករដែលមានជាតិស្ករទាប តាមរយៈការបង្កាត់ពូជបែបទំនើបដោយ រក្សាបាននូវគុណភាពគ្រាប់ និងរក្សាបាននូវទិន្នផល។ លើសពីនេះ លោកបណ្ឌិត Ajay Kohli អគ្គនាយក ក៏បានយល់ស្របទាំងស្រុង ទៅលើអនុសាសន៍ទាំងអស់ដែលលើកឡើងដោយឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា ដែលសុទ្ធតែត្រូវនឹងអាទិភាពរបស់ វិទ្យាស្ថាន ជាពិសេសលើការពង្រឹងសមត្ថភាព តាមរយៈការបញ្ជូនអ្នកវិទ្យាសាស្ត្រ និងអ្នកបង្កាត់ពូជស្រូវកម្ពុជា មកធ្វើការស្រាវជ្រាវ រយៈពេលយូរ១ឬ២ឆ្នាំផ្ទាល់ ជាមួយវិទ្យាស្ថាន IRRI។ជាចុងបញ្ចប់ ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា បានថ្លែងអំណរគុណ លោកបណ្ឌិតអគ្គនាយក និងសហការី និងសំណូមពរឱ្យវិទ្យាស្ថានIRRI បន្តជួយគាំទ្រដល់កម្ពុជាលើវិស័យស្រូវនេះ ហើយលើកទឹក ចិត្តឱ្យសហប្រតិបត្តិការលើកិច្ចការងារនេះជាបន្តទៀតជាមួយក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទពាក់ព័ន្ធ