fbpx

គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលនឹងបញ្ចប់នៅខែមិថុនាឬខែកក្កដា

អត្ថបទដោយ រាជ មេសា
118 views

គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលគិតត្រឹមចុងខែឧសភានេះ​សម្រេច​បាន​ប្រមាណ ៩៥ភាគរយ ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដាខាងមុខ។ នេះជាការ​ត្រៀម​លក្ខណៈ​សម្រាប់ខែវស្សាកំពុង​ចូលមក​ដល់ ហើយរំពឹងថា អាចនឹងបញ្ចៀសបាននូវគ្រោះធម្មជាតិ ដែលធ្លាប់បានជួបនាគ្រាកន្លងមកនៅតំបន់ទាំងនេះ។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា វឌ្ឍនភាពការងារដែលសម្រេចបានប្រមាណ ៩៥ ភាគរយនេះ ក្នុងនោះមាន៖ ១. ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ,២.ស្តារព្រែកហូរប្រវែង ៣.៥គីឡូម៉ែត្រដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរ​ជុំវិញប្រឡាយ ,៣.ស្តារប្រឡាយព្រែកហូរប្រវែង ៣.៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និង ទី៤. រៀប​ចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤.៥គីឡូម៉ែត្រ។

ជារៀងរាល់ឆ្នាំនៅរដូវវស្សាបរិមាណទឹកភ្លៀងដ៏ច្រើនបានហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែក​នានាហូរចូលមកស្ទឹងព្រែកត្នោត ធ្វើឱ្យបរិមាណទឹកស្ទឹងព្រែកត្នោតកើនឡើងពី១ ៣០០ទៅ២ ០០០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈសំណង់ដោះទឹកនៅកំពង់ទួលទឹកថ្លានៅផ្នែកខាងក្រោមអាចដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី រួមផ្សំ​កម្ពស់ទឹកនៅតាមអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀង​នៅជុំវិញផង ជាហេតុធ្វើឱ្យមានការជន់លិច តំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណបនិងផ្នែកខ្លះនៃខេត្តកណ្តាល។

ជាដំណោះស្រាយទប់ទល់នឹងស្ថានភាពប្រឈមនេះ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពី​សមាហរណ​កម្មផែនការ ការងារដោះទឹកនិង បង្វែរទឹកភ្លៀង និងជំនន់ទឹកភ្លៀងគ្រប់ច្រក ចេញពីរាជ​ធានីភ្នំពេញ អង្គប្រជុំបាន​សម្រេចឱ្យក្រសួងធនធានទឹក និងឧតុនិយមទទួល បន្ទុកធ្វើការដោះទឹក និងពង្វាងទឹកចេញពីតំបន់ជុំវិញ រាជធានីភ្នំពេញ ទៅតាម​គ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅចូលទៅក្នុងអាងទន្លេ ។ដោយឡែកក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជ​ធានី​ភ្នំពេញ ទទួលបន្ទុកកិច្ចការដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីផ្ទៃក្នុងរាជធានីភ្នំពេញ តាមប្រព័ន្ធលូនានា និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់។

គួរបញ្ជាក់ដែរថាគម្រោងដោះទឹក និងពង្វាងទឹកសម្រាប់បញ្ចៀសការ​ជន់​លិច​នៅ​ភូមិសាស្រ្តរាជធានីភ្នំពេញ​ត្រូវអនុវត្តជាបីជំហាន ។ក្នុងនោះការងារសំខាន់ៗនៃគម្រោងរួមមាន៖ ទី១)ស្តារប្រឡាយមេរលាំងជ្រៃខាងជើង រលាំង​ជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ ទី២)ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ទី៣)ស្តារប្រឡាយ៩០ និងប្រឡាយ៩៦ ក្នុងខេត្តកណ្តាល ទី៤)​ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល ទី៥)កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ និងទី៦)សាងសង់ស្ថានីយបូម​ទឹកចំនួន ៤កន្លែង ប្រើម៉ូទ័រដែលដើរដោយចរន្តអគ្គិសនីចំនួន២៧ គ្រឿង។

ពាក់ព័ន្ធនឹងគម្រោងនេះដែរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍កាល​ពីពេលថ្មីៗនេះ​ថា តបតាមការចង្អុលបង្ហាញ ប្រកបដោយ​យុទ្ធសាស្ត្រជាក់លាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដល់ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីដោះស្រាយ​បញ្ហាជន់លិច ក្នុងអាងស្ទឹងនិងទន្លេ តាមរយៈការកំណត់តំបន់លិចទឹក ជាប្រចាំ តំបន់លិចទឹកហើយ និងស្រកទៅវិញ និងតំបន់លិច​ទឹក ដោយសារ​ការអភិវឌ្ឍផ្សេងៗ ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំនូវផែនកា​រគ្រប់​គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក ព្រមទាំង​អភិវឌ្ឍធ្វើទំនើបកម្ម លើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀង និងបង្វែរទឹកចេញ​ពីរាជធានីភ្នំពេញ ដើម្បីធានាបាន​នូវសន្តិសុខ និងសុវត្ថិភាពទឹកប្រកបដោយស័ក្តិសិទ្ធិភាព ដល់រាជធានីភ្នំពេញ៕

អត្ថបទពាក់ព័ន្ធ