fbpx

ចំណាប់ខ្មាំងទាំងសងខាង រវាង អុីស្រាអែល និង ប៉ាឡេស្ទីន ត្រូវបានដោះលែងជាបន្តបន្ទាប់

អត្ថបទដោយ ពិទូ
123 views

អ៊ីស្រាអែលនិយាយថា ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ១០ នាក់ទៀត និងពលរដ្ឋថៃ ៤នាក់ ពេលនេះបានត្រលប់មកទឹកដីរបស់ខ្លួនវិញហើយ បន្ទាប់ពីក្រុមហាម៉ាស់ បានដោះលែងពីហ្គាហ្សាកាលពីល្ងាច ថ្ងៃពុធ។

មុននេះ រដ្ឋាភិបាលក្រុង Tel Aviv បាននិយាយថាស្ត្រីជនជាតិរុស្ស៊ី-អ៊ីស្រាអែលពីរនាក់ ក៏ត្រលប់មកអ៊ីស្រាអែលវិញដែរ ដោយត្រូវបានដោះលែងកាលពីថ្ងៃពុធ ដូចគ្នា។

ចំណែក ពន្ធនាគាររបស់អ៊ីស្រាអែលនិយាយថា ខ្លួនបានដោះលែងអ្នកទោសប៉ាឡេស្ទីន 30 នាក់បន្ថែមទៀត។  ថ្ងៃពុធ ទី 29 ខែវិច្ឆិកា ឆ្នាំ2023 គឺជាថ្ងៃទីប្រាំមួយនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅហ្គាហ្សា។

យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយបញ្ជាក់លើ ការបាញ់សម្លាប់ក្មេងប្រុស 2នាក់ជាក់លាក់ទេ ប៉ុន្តែនិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការជីហាតអ៊ីស្លាមជាន់ខ្ពស់ម្នាក់ និងចាប់ខ្លួន 17 នាក់ផ្សេងទៀតក្នុងអំឡុងពេលប្រតិបត្តិការដែលផ្តោតលើជំរុំជនភៀសខ្លួន។

គួរឱ្យដឹងថា ក្រុមហាម៉ាស់បានឆ្លងព្រំដែនចូលដែនដីអ៊ីស្រាអែល និងបានសម្លាប់មនុស្ស 1,200 នាក់ ក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023ជាមួយនឹងមនុស្សប្រហែល 240 នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

ចាប់តាំងពីពេលនោះមក ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ហ្គាហ្សា និយាយថា មនុស្សជាង 14,800 នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការសងសឹករបស់អ៊ីស្រាអែល រួមទាំងកុមារប្រហែល 6,000 នាក់៕

អត្ថបទពាក់ព័ន្ធ