fbpx

ទីភ្នាក់ងាររុករកអវកាសជប៉ុន ត្រៀមបង្ហោះផ្កាយរណប បង្កើតឡើងដោយវិស្វករវៀតណាម ទៅកាន់អវកាសនៅចុងឆ្នាំ 2024 នេះ

អត្ថបទដោយ ពិទូ
147 views

ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) នឹងបញ្ជូនផ្កាយរណបខ្នាតតូច ដែលបង្កើតឡើងដោយវិស្វករវៀតណាម ទៅកាន់តារាវិថីអវកាសនៅចុងឆ្នាំ 2024នេះ។ JAXA នឹងបាញ់បង្ហោះផ្កាយរណបចំនួន 15 គ្រឿងទៅកាន់ទីអវកាសនៅឆ្នាំនេះ ដែលជាផ្នែកមួយនៃកម្មវិធីផ្កាយរណបពិសោធន៍ទីពីររបស់ប្រទេសជប៉ុន រួមទាំងផ្កាយរណបខ្នាតតូច NanoDragon ដែលត្រូវបានអភិវឌ្ឍ និងសាងសង់ដោយមជ្ឈមណ្ឌលអវកាសជាតិវៀតណាម (VNSC)។

ផ្កាយរណប​ ដែលទីភ្នាក់ងាររុករកអវកាសជប៉ុន នឹងបាញ់បង្ហោះទៅកាន់អវកាស គឺ​ជា​ផលិតផល​នៃ​គម្រោង​ផ្កាយរណប​ខ្នាត​តូច​ណាណូ​សម្រាប់​ឆ្នាំ 2016-2020។ ផ្កាយរណបនេះមានទម្ងន់លើសពី 4 គីឡូក្រាម ដែលនឹងត្រូវប្រើប្រាស់ជាឧបករណ៍ថតរូបភាពអុបទិក ដើម្បីសាកល្បងទីតាំងផ្កាយរណបនៅក្នុងលំហ និងដើម្បីតាមដាន និងត្រួតពិនិត្យនាវានៅសមុទ្រ។ ទន្ទឹមនឹងនេះ លោក Huy បាននិយាយថា VNSC កំពុងផ្តោតលើការកសាងគ្រឿងបរិក្ខារសម្រាប់ការផ្គុំ និងធ្វើតេស្ត ដោយមានគោលដៅអភិវឌ្ឍផ្កាយរណបដែលមានទម្ងន់រហូតដល់ 180 គីឡូក្រាម។

លោក បាននិយាយថា ភាពស្ទាត់ជំនាញជាជំហានៗនៃការផលិតផ្កាយរណប នឹងជួយវៀតណាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើដៃគូបរទេស ធានាសុវត្ថិភាព សន្តិសុខ ពង្រឹងទិន្នន័យ និងសេវាកម្មផ្កាយរណបដែលមាន ខណៈពេលដែលបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។

គួររំលឹកថា ប្រទេសជប៉ុនបានបញ្ជូនផ្កាយរណប MicroDragon ដែលអភិវឌ្ឍដោយវៀតណាម​ ទម្ងន់ 50 គីឡូក្រាមទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលអវកាស Uchinoura ក្នុងខេត្ត Kagoshima ភាគខាងត្បូងប្រទេសជប៉ុនក្នុងខែមករាឆ្នាំ 2020 ។

ផ្កាយរណបនេះ ត្រូវបានគេប្រើដើម្បីសង្កេតមើលខ្សែបន្ទាត់ឆ្នេរសមុទ្ររបស់វៀតណាម វាយតម្លៃគុណភាពទឹក កំណត់ទីតាំងធនធានជលផល និងតាមដានការផ្លាស់ប្តូរដើម្បីបម្រើវារីវប្បកម្ម រកឃើញការគ្របដណ្តប់លើពពក និង ប្រមូលសញ្ញាឧបករណ៍ចាប់សញ្ញានៅលើដី និងបញ្ជូនវាទៅកាន់ស្ថានីយ៍នានានៅលើផែនដី៕

អត្ថបទពាក់ព័ន្ធ