fbpx

សហគមន៍ទេសចរណ៍កំពង់ភ្លុកបានរៀបចំឱ្យមានកម្មវិធីល្បែងប្រជាប្រិយ៍ជាច្រើនសម្រាប់ភ្ញៀវទេសចរទស្សនា

អត្ថបទដោយ រាជ មេសា
82 views

កំពង់ភ្លុកក្រៅពីទេសភាពស្រស់ស្អាត និងលំនៅឋានខ្ពស់ៗ និងមានផ្ទៃទឹកធំល្វឹងល្វើយមើល ដាច់កន្ទុយភ្នែក នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិរយៈពេល០៤ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បានរៀបចំសង្ក្រាន្ត ដោយមានរៀបចំលេងល្បែងប្រជាប្រិយ៍ជាលក្ខណៈសហគមន៍ ដើម្បីទទួលភ្ញៀវទេសចរចូលទៅកម្សាន្ត។

លោកសាង គង់ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ភ្ញៀវទេសចរក្រៅពីជិះទូកឬកាណូត មើលភូមិបណ្តែតទឹក និងទស្សនាទេសភាពផ្ទៃបឹងទន្លេសាបដ៏ធំ ល្វឹងល្វើយដាច់កន្ទុយភ្នែក និងទស្សនាទិដ្ឋភាពថ្ងៃលិចកណ្តាលបឹងទន្លេសាបហើយនោះ នាឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិរយៈពេលបួនថ្ងៃនេះ សហគមន៍ទេសចរណ៍ ក៏មានរៀបចំជាសាលាឆទាន ស្ពានមាត់ទន្លេ ដែលជាកន្លែងប្រពៃណីមួយតាំងពីដូនតាមកតែងប្រារព្ធឡើងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយទីនោះក៏មាន កម្មវិធីលេងល្បែងប្រជាប្រិយ៍ជាលក្ខណៈសហគមន៍ សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិទស្សនា និងចូលរួមលេងកម្សាន្តមានដូចជា៖ លាក់កន្សែង បោះអង្គញ់ បោះឈូង ទាញព្រ័ត្រជាដើម។

លោកបន្តថា កំពង់ភ្លុកបានក្លាយជាគោលដៅទេសចរណ៍មួយនៅអំឡុងឆ្នាំ២០១៣មក ដោយសារទីនោះមានទេសភាពស្រស់ស្អាត លំនៅឋានប្រជាពលរដ្ឋខ្ពស់ៗផុតពីទឹក ព្រៃស្រោងមានទំហំជិត៥០ហិកតា ត្រូវបានថែរក្សាការពារយ៉ាងល្អប្រសើរ។

សំខាន់ណាស់សម្រាប់ទាក់ទាញភ្ញៀវទេសចរមកលេងក្នុងសហគមន៍ យើងធ្វើឱ្យកំពង់ភ្លុកនេះប្រែក្លាយជាតំបន់ទេសចរណ៍គោលដៅដ៏ទាក់ទាញ ហេតុដូច្នេះយើងត្រូវប្រឹងប្រែងយើងរកវិធីសាស្រ្ត រៀបចំជាល្បែងប្រជាប្រិយ៍ ដែលជាល្បែងកម្សាន្តប្រពៃណីខ្មែរយើង មានដូចជា លាក់កន្សែង បោះអង្គញ់ បោះឈូង ទាញព្រ័ត្រ ជាច្រើនដែលយើងមិនអាចរៀបរាប់អស់ ដែលយើងត្រូវតែបើកកកាយឱ្យក្មេងជំនាន់ក្រោយបានស្គាល់។

សូមជម្រាបថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ សហគមន៍នេះ ស្ថិតនៅជាប់មាត់បឹងទន្លេសាប។ កំពង់ភ្លុក មានភូមិចំនួន៣ ចូលគ្នាស្ថិតក្នុង បឹងទន្លេ សាប ដែលមានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រ ពីទីរួមស្រុកប្រាសាទបាគង។ ដោយសារលក្ខណៈពិសេសរបស់ភូមិ ជាពិសេសរដូវវស្សាមានទឹកឡើងល្ហាចល្ហឹម ទេសភាពស្រស់ស្អាត ទិដ្ឋភាពថ្ងៃហៀបនឹងលិចកណ្តាលផ្ទៃទឹក ជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន។ ទេសចរណ៍នៅកំពង់ភ្លុក ជាទេសចរណ៍ ធម្មជាតិនិងវប្បធម៌ ដែលមានទាំងការកម្សាន្តតាមភូមិលិចទឹក មានផ្ទះអណ្តែតលើទឹក និងការទស្សនានូវសត្វស្លាបជាច្រើនប្រភេទ ធ្វើឱ្យអារម្មណ៍របស់ភ្ញៀវទេសចរមានភាពស្រស់ថ្លា សប្បាយរីករាយ ភ្លេចអស់ទុក្ខកង្វល់៕

អត្ថបទពាក់ព័ន្ធ