នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំវគ្គអប់រំផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា រួមជាមួយនឹង CCF Complaint App» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ នៅអនុវិទ្យាល័យព្រែងស្បូវ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ អនុវិទ្យាល័យវត្តភ្នំ ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងសាលាបឋមសិក្សាអូបីជាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុបចំនួន ១ ៧៨០នាក់។
វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌនិងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិរបស់អ្នកប្រើប្រាស់ សំដៅលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងប្រកបដោយសមធម៌ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។ ទន្ទឹមនឹងនោះ មន្ត្រីយើងក៏បានបង្ហាញដល់អ្នកចូលរួមអំពី CCF Complaint app ដែលអ្នកប្រើប្រាស់អាចដាក់ពាក្យបណ្តឹង និងទាញយកឯកសារជាច្បាប់ និងបទប្បញ្ញត្តិនានាតាមរយៈទូរស័ព្ទដៃផងដែរ។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីយើងក៏បានចែកជូននូវផ្ទាំងរូបភាព (Poster) ស្ដីពីសុវត្ថិភាពម្ហូបអាហារចំនួន ១២៥ផ្ទាំង ដល់អ្នកចូលរួម ដែលបង្ហាញពីរបៀបជ្រើសរើសម្ហូបអាហារ ប្រកបដោយគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុអាហារ៕