fbpx

សមាគមសិល្បករខ្មែរ បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យ និងកែសម្រួលលក្ខន្តិកៈ និងរៀបចំផែនការយុទ្ធសាស្ត្រនានា

អត្ថបទដោយ ពិទូ
87 views

សមាគមសិល្បករខ្មែរ បានបើកកិច្ចប្រជុំមួយ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលសមាគមទាំងអស់ ដើម្បីពិនិត្យ និងកែសម្រួលលក្ខន្តិកៈ និងរៀបចំផែនការយុទ្ធសាស្ត្រនានា ធ្វើយ៉ាងណាឱ្យសមាគមដំណើរការទៅមុខប្រកបដោយភាពល្អប្រសើរស្របតាមទស្សនៈវិស័យ និងបេសកកម្មរបស់ខ្លួន ក្នុងការអភិវឌ្ឍកិច្ចការសិល្បៈ និងការគ្រប់គ្រងសិល្បករឱ្យមានប្រសិទ្ធភាពជាដើម។

ក្នុងឱកាសនោះ សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ក៏បានបោះឆ្នោតដោយការលើកដៃផ្ដល់សេចក្ដីទុកចិត្តដល់ឯកឧត្ដម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគម និងដឹកនាំកិច្ចប្រជុំទៅតាមរបៀបវារៈនីមួយៗដែលបានគ្រោងទុក។

ជាការកត់សម្គាល់ ដ្បិតតែសមាគមសិល្បករខ្មែរ ទើបតែបានបោះឆ្នោតជ្រើសរើសប្រធានក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំសមាគមតែងបានរៀបចំកិច្ចប្រជុំជាញឹកកញាប់ ដើម្បីរៀបចំការងារចាំបាច់មួយចំនួន និងបំពេញបន្ថែមនូវចំណុចខ្វះខាត ឈានទៅពង្រឹងប្រសិទ្ធភាពការងារ ជាពិសេសការងារចំពោះមុខ គឺរៀបចំកម្មវិធី “អ្នកស្នងមរតក” ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឆាប់ៗនេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ។

គួរចាប់អារម្មណ៍ថា សមាគមសិល្បករខ្មែរអាណត្តិទី៦នេះ មានការចូលរួមជាក្រុមប្រឹក្សាភិបាល មកពីអន្តរវិស័យ ក្នុងនោះរួមមានមន្ត្រីថ្នាក់រដ្ឋលេខាធិការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងកិច្ចការនារី, ទេសចរណ៍, ពាណិជ្ជកម្ម,គណៈមេធាវី សភាពាណិជ្ជកម្មព្រមទាំងវិស័យឯកជនមួយចំនួនទៀត។ សមាគមសិល្បករខ្មែរពិតជាមានមោទនភាព និងក្ដីសង្ឃឹមយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍសមាគមឱ្យមានការរីកចម្រើនទៅលើវិស័យសិល្បៈវប្បធម៌ ដោយសារមានបុគ្គលជាអ្នកមានបទពិសោធន៍ និងសមត្ថភាពមកពីអន្តរវិស័យចូលរួមជាមួយសមាគមយ៉ាងដូច្នេះ។

អត្ថបទពាក់ព័ន្ធ