fbpx

មួកស្លឹកត្នោតខ្មែរ នៅតែជាទីពេញនិយមប្រើប្រាស់នៅតំបន់ប្រាសាទអង្គរវត្ត និងនៅតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្ត សៀមរាប

អត្ថបទដោយ រាជ មេសា
131 views

នារដូវចូលឆ្នាំកន្លងមក មួកស្លឹកត្នោតដែលជាមួករបស់ចាស់បុរាណខ្មែរ នៅតែពេញ និយមប្រើប្រាស់នៅប្រាសាទអង្គរវត្ត ក៏ដូចជាតំបន់ទេសចរណ៍ដទៃទៀតនៅខេត្តសៀមរាប។ មួកដែលជាអត្តសញ្ញាណរបស់ខ្មែរមួយនេះ មានតម្លៃ៥០០០រៀល ដែលភ្ញៀវនិយមពាក់ បាំងកំដៅថ្ងៃក្នុងការធ្វើដំណើរកម្សាន្តក្នុងទឹកដីខេត្តសៀមរាប។

ពលរដ្ឋកម្ពុជា និងជនបរទេសនៅតែឱ្យតម្លៃមួកស្លឹកត្នោតដែលពេលបានប្រើពាក់ហើយ គឺបានទទួលអារម្មណ៍ជាអត្តសញ្ញាណជាតិរបស់ដូនតាខ្មែរ។ មួកប្រភេទនេះ មិនត្រឹមតែពាក់ ហើយប្រើជាប់ទេ តែនៅពេលប្រើបាំងកំដៅថ្ងៃ និងជួយឱ្យការធ្វើដំណើរកម្សាន្តងាយស្រួល ដោយវាជួយឱ្យមិនក្តៅខ្លាំងផង។ មួកស្លឹកត្នោត ជារបស់កែច្នៃពីធម្មជាតិរបស់ដូនតាខ្មែរ ដោយវានៅមានតម្លៃថោកសមរម្យ និងនៅពេលពាក់ស្អាតហើយសមរម្យ ជាលក្ខណៈខ្មែរ។

អ្នកស្រី គង់ មុំ អ្នកលក់មួកស្លឹកត្នោតម្នាក់នៅខាងមុខប្រាសាទអង្គរវត្តបានឱ្យដឹងថា៖ មួកស្លឹកត្នោតខ្មែរនៅតែពេញនិយមក្នុងស្រទាប់ពលរដ្ឋខ្មែរក្នុងការប្រើបាំងកំដៅថ្ងៃ។ មាន ពលរដ្ឋខ្មែរជាច្រើនបានជ្រើសរើសប្រើមួកស្លឹកត្នោតជាងមួកប្រភេទផលិតពីបរទេសដទៃទៀត។ ស្រ្តីរូបនេះបានប្រាប់ថា៖ តាមរយៈការលក់មួកស្លឹកត្នោតនេះបានជួយឱ្យអ្នក ស្រីអាច រកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់គ្រួសារអស់កាលជាច្រើនឆ្នាំមកហើយ។ ទោះជាថ្ងៃធម្មតា អ្នកស្រីអាចលក់បានចាប់ពី ២០ ទៅ ៤០មួក។ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនេះវិញ អ្នកស្រី អាចលក់បានចាប់ពី៥០មួកឡើងទៅជិត១០០មួកក៏មានផងដែរ។ សម្រាប់មួកស្លឹកត្នោតនេះ មិនត្រឹមតែពេញនិយមក្នុងស្រទាប់ពលរដ្ឋខ្មែរទេ សូម្បីតែភ្ញៀវបរទេសក៏និយមប្រើ មួកស្លឹកត្នោតនេះផងដែរ។ មានជនបរទេសមិនតិចទេ ដែលបានទិញមួកស្លឹកត្នោត ទៅប្រទេសរបស់ពួកគេទុកជាអនុស្សាវរីយ៍។

កុមារា ជាតិ ប៊យ ដែលនៅទំនេរពីការសិក្សា ហើយបានឆ្លៀតពេលលក់ មួកស្លឹក ត្នោតខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មីនេះបានឱ្យដឹងថា ក្នុងមួយថ្ងៃរូបគេអាចលក់មួក ស្លឹកត្នោត ខ្មែរបាន៥០ទៅ៧០មួក ដែលអាចរកប្រាក់កម្រៃសម្រាប់ជួយដល់គ្រួសារផងដែរ។ មួក ស្លឹកត្នោតមានការនិយមប្រើប្រាស់ទូទៅ តែដោយសារមានអ្នកលក់ច្រើនទើបធ្វើឱ្យរូប ខ្លួនលក់មិនបានច្រើនដូចកាលពីមុនទេ។

ទាក់ទិននឹងការប្រើប្រាស់មួកស្លឹកត្នោតនេះដែរ លោក ភឿន ផល្លី ដែលកំពុង ពាក់មួកស្លឹកត្នោតដើរកម្សាន្តនៅបរិវេណប្រាសាទអង្គរវត្តបានឱ្យដឹងថា៖ រូបលោក ស្រឡាញ់មួកខ្មែរ។ មួយស្លឹកត្នោតជារបស់ដូនតាខ្មែរយើង ហេតុនេះរូបលោកនៅតែស្រឡាញ់ ចូលចិត្តប្រើប្រាស់របស់ខ្មែរបុរាណជានិច្ច។ បុរសរូបនេះបានបញ្ជាក់ប្រាប់ដែរថា៖ ”យើងគួរជួយគាំទ្ររបស់ខ្មែរយើងដែលប្រើដោយដៃ។ កាលបើយើងបានទិញមួកស្លឹកត្នោត ក្រៅពីជួយគាំទ្រផលិតផលខ្មែរហើយ នៅជួយដល់ពួកគាត់ឱ្យមានការងារធ្វើទៀតផង”។

លើកឡើងប្រហាក់ប្រហែលគ្នានេះលោក សន ដេន ដែលបានចូលមកកម្សាន្ត ប្រាសាទអង្គរវត្តកាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤បានឱ្យដឹងថា រូបលោកមិនត្រឹម តែជួយគាំទ្រមួកស្លឹកត្នោតខ្មែរទេ សូម្បីតែផលិតផលដទៃទៀតដែលកើតចេញពីស្នាដៃ បុរាណខ្មែរយើងក៏លោកនិយមប្រើប្រាស់ដូចគ្នា។ ខ្មែរយើងត្រូវឱ្យតម្លៃ និងគាំទ្ររបស់ ដូនតាយើងដើម្បីរួមគ្នាអភិរក្សតទៅថ្ងៃខាងមុខឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់និងរួមគ្នាថែរក្សាឱ្យបានយូរអង្វែងរៀងរហូត។

សូមបញ្ជាក់ថា ដើមត្នោតគឺជាអត្តសញ្ញាណ នៃទេសភាពទឹកដីរបស់ខ្មែរ ដោយស្ទើរគ្រប់ ទីកន្លែងនៅក្នុងទឹកដីនេះ រួមទាំងអតីតទឹកដីរបស់ខ្មែរផង សុទ្ធសឹងមានអត្ថិភាពដើមត្នោត ដុះនៅជានិច្ច។ ដោយតម្លៃនៃអត្តសញ្ញាណវប្បធម៌ អរិយធម៌ និង ប្រវត្តិសាស្រ្តធម្មជាតិ ដើម ត្នោតត្រូវបានចាត់បញ្ចូលជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា រួចមក ហើយកាលពីឆ្នាំ២០០៥។ ដើមត្នោតត្រូវបានពលរដ្ឋខ្មែរចេះកែច្នៃ និងប្រើប្រាស់ក្នុង ជីវភាពរស់នៅប្រចាំថ្ងៃដោយ ប្រើជាប្រយោជន៍ច្រើនយ៉ាង តាំងពីគល់រហូតដល់ស្លឹក មានជាអាទិ៍ ដើមត្នោតត្រូវគេប្រើធ្វើទូក ធ្វើផ្ទះ ផ្លែត្នោតទុំ ឬខ្ចីប្រើសម្រាប់ធ្វើនំឬបង្អែម គមត្នោតត្រូវប្រើធ្វើជាបន្លែសម្ល ទឹកប្រើធ្វើជាស្ករ និង ស្លឹកប្រើធ្វើជាមួក កន្ទេល ផ្លិត គ្រឿងវេចខ្ចប់ ប្រើធ្វើដំបូលផ្ទះនិង ធ្វើជញ្ជាំងផ្ទះជាដើម៕

អត្ថបទពាក់ព័ន្ធ