fbpx

ផលិតផលខ្មែរ តម្បាញដោយដៃទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋ នាឱកាសព្រះរាជពិធីបុណ្យអុំទូក

អត្ថបទដោយ រាជ មេសា
272 views

អាជីវករលក់ហូល ផាមួងខ្មែរបានបង្ហាញអារម្មណ៍សប្បាយរីករាយ ខណៈផលិតផល របស់ពួកគាត់ទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ នាឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ។

លោកស្រីសុង ម៉ាច ជាម្ចាស់សិប្បកម្មតម្បាញ ស្ថិតនៅភូមិពារាម ឃុំពារាម ស្រុកបាទី ខេត្តតាកែវបានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានយកផលិតផលតម្បាញមានដូចជា ហូល ផាមួង សារ៉ុងសូត្រ កន្សែងសូត្រ ក្រម៉ា និងមានផលិតជាច្រើនទៀតដែលត្បាញដោយដៃផលិតចេញពីសរសៃសូត្រ មកលក់នៅតំបន់រម្មណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ។ លោកស្រីបានបង្ហាញអារម្មណ៍សប្បាយ រីករាយជាពន់ពេក ដែលប្រជាពលរដ្ឋខ្មែរយើង បានជួយទិញយ៉ាងច្រើនទៅតាមលទ្ធភាព របស់ពួកគាត់ ព្រោះផលិតផលនីមួយៗមានតម្លៃមិនដូចគ្នា។

«មានប្រជាពលរដ្ឋជួយគាំទ្រច្រើន ព្រោះដោយសាខ្ញុំលក់នៅហ្នឹងជាប្រចាំ ដូចជាមានចូលឆ្នាំ ឬបុណ្យអុំទូក ខ្ញុំលក់នៅហ្នឹង ហើយប្រសិនបើគ្មានកម្មវិធីអ្វីទេ ខ្ញុំទៅលក់តាមក្រសួងវប្បធម៌ និងក្រសួងពាណិជ្ជកម្ម ដែលបានរៀបកម្មវិធីធំៗ ។ជាចុងក្រោយ ខ្ញុំសូមសំណូមពរបងប្អូនប្រជាពល រដ្ឋខ្មែរយើងជួយគាំទ្រផលិតផលខ្មែរយើង ដើម្បីជួយលើកស្ទួយកុំឱ្យប្រជាជនខ្មែរយើងធ្វើចំណាក ស្រុក និងជួយផ្សព្វផ្សាយឱ្យកូនខ្មែរជំនាន់ក្រោយស្គាល់ពីវប្បធម៌ខ្មែរយើងថា ខ្មែរយើងផលិតបាន អ្វីខ្លះ»។

លោកស្រីសោភ័ណ្ឌ ជាប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានអញ្ជើញមកដើរលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក ហើយបានជួយទិញផលិតផលសូត្រខ្មែរយើងជាច្រើនមុខ មានដូចជា ហូល និងផាហ៊ុ ។លោកស្រីនិយាយថា លោកស្រីចូលចិត្តប្រើប្រាស់ផលិតផលរបស់ខ្មែរយើងដែលធ្វើដោយដៃ មិនចំពោះតែហូល ផាមួងនោះទេ សំភារៈប្រើប្រាស់ ដែលធ្វើដោយដៃ លោកស្រីតែងតែគាំទ្រជានិច្ច។

«ខ្ញុំមកចូលរួមបុណ្យអុំទូក ហើយក៏បានមកមើលរបស់របរខ្មែរយើង ព្រោះខ្ញុំចង់បាន ជួយទិញគាត់ផង ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចខ្មែរយើង ព្រោះនេះជារបស់ធ្វើដោយដៃ មិនមែនធ្វើដោយម៉ាស៊ីនទេ ទំរាំធ្វើហើយ១ៗ ត្រូវប្រើរយៈពេលយូរ។ ដូច្នេះហើយយើងត្រូវជួយលើកទឹកចិត្ត គ្នា របស់ធ្វើដោយដៃគឺមានតម្លៃលើសអ្វីទាំងអស់»។

បច្ចុប្បន្នយើងសង្កេតឃើញថាបន្ទាប់ពីជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅវិញ សិប្បកម្មតម្បាញ ដោយដៃក៏ចាប់ផ្ដើមស្ទុះងើបឡើងវិញផងដែរ ស្របពេលដែលរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បានយកចិត្តទុកដាក់ក្នុងការលើកស្ទួយ តាមរយៈបង្កើតកម្មវិធីធំៗដូចជាការតាំងពិពណ៌ផលិផលខ្មែរ ដើម្បីឱ្យពួកគាត់មានការដាក់តាំងបង្ហាញនិងលក់ដូរនូវផលិតផលរបស់ខ្លួនទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ៕

អត្ថបទពាក់ព័ន្ធ