fbpx

នាយគ្រឿន៖ ចាប់ពីថ្ងៃនេះទៅ មានអី ស៊ីហ្នឹង! ឈប់ទទួលផ្សាយស្រា និង ល្បែងអនឡាញទៀតហើយ

អត្ថបទដោយ ពិទូ
148 views

តារាកំប្លែងនាយគ្រឿន នាពេលកន្លងទៅថ្មីៗនេះ បានបញ្ចេញបទចម្រៀងមួយបទ ដែលជាការសហការគ្នាជាមួយនឹង ក្រុមហ៊ុនហ្គេមអនឡាញមួយនៅកម្ពុជា។ បទចម្រៀងនេះ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងដោយ លើកហេតុផលថា លោកជាតារាកំប្លែងលំដាប់ប្រទេសមួយ មិនគួរណាចូលរួមផ្សព្វផ្សាយល្បែងឡើយ។

យ៉ាងណាមិញ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ តារាកំប្លែងនាយគ្រឿន បានចេញវីដេអូមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយនាយ បានសូមទោសមហាជនចំពោះកំហុសខុសឆ្គងរបស់ខ្លួនក្នុងការផ្សព្វផ្សាយល្បែងអនឡាញ ហើយចាប់ពីពេលនេះទៅ នាយប្រកាសថាឈប់ទទួ​លផ្សព្វផ្សាយល្បែងអនឡាញនេះទៀតហើយ ដើម្បីឱ្យប្រិយមិត្តរបស់លោកសប្បាយចិត្តឡើងវិញ។ មិនតែប៉ុណ្ណោះ តារាកំប្លែងរូបនេះ ថែមទាំងបានប្រកាសថា ឈប់ផ្សាយទាំងស្រាបៀរថែមទៀតផង។ នាយក៏បានសំណូមពរ មហាជនសូមកុំបញ្ចេញមតិ ប្រមាថមើលងាយដល់ម្តាយលោក ដោយពាក្យជេរអសរុស ជាដើម។

នាយគ្រឿន បានថ្លែងតាមរយៈវីដេអូឃ្លីបរបស់ខ្លួនថា “ចាប់ពីថ្ងៃនេះទៅ ខ្ញុំឈប់ទទួលផ្សាយល្បែង និង ស្រា ទៀតហើយ។ ហើយលុយដែលកុងត្រាជាមួយក្រុមហ៊ុនទាំងប៉ុន្មាន គឺត្រូវចាត់ទុកជា មោឃៈ ទាំងអស់ ដើម្បីចង់ឃើញបងប្អូនសប្បាយចិត្ត។ ចាប់ពីថ្ងៃនេះ មានអី ស៊ីហ្នឹង គឺខ្ញុំឈប់ទទួលផ្សព្វផ្សាយអ្វីដែលបងប្អូនមិនពេញចិត្តទៀតហើយ”។

គួរឱ្យដឹងថា ហ្គេមអនឡាញនៅកម្ពុជា មិនទាន់មានច្បាប់អនុញ្ញាតផ្លូវការណាមួយនៅឡើយទេ​ ហើយទីតាំងបើកល្បែង Online នេះជារឿយៗត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចុះចាប់បង្ក្រាប និង បិទទីតាំងទាំងនោះផ្ទាល់ទៀតផង៕

អត្ថបទពាក់ព័ន្ធ