ខេត្តក្រចេះត្រូវបានគេចាត់ទុកថា ជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ខ្លាំងរបស់ប្រទេសកម្ពុជា ហើយតំបន់រមណីយដ្ឋាន ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិស្គាល់ខេត្តក្រចេះកាន់តែច្បាស់នោះគឺ រមណីយដ្ឋានអន្លង់ផ្សោតកាំពី ។ រមណីយដ្ឋានអន្លង់ផ្សោតកាំពី ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចម្ងាយ១៥គីឡូម៉ែត្រ តាមផ្លូវខេត្តលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ។ អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាង គេក្នុងចំណោម អន្លង់ ទាំង ៥កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះមានផ្សោតប្រមាណជាង ៣៩-៤០ក្បាល រស់នៅ ហើយរមណីយដ្ឋាននេះទៀតសោតត្រូវបានបង្កើតឡើងនៅចុង ឆ្នាំ១៩៩៩។ សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវ ចូលចិត្តទៅកាន់ទីនោះដើម្បីមើល និងធ្វើការសិក្សា ពីសត្វផ្សោតទន្លេមេគង្គដែលជាថនិកសត្វដ៏កម្រ មានសេសសល់តិចតួចនៅលើ ពិភពលោក ។
ក្រៅពី រមណីយដ្ឋានអន្លង់ផ្សោតកាំពី ខេត្តក្រចេះ ក៏មានតំបន់សក្ដានុពលទេសចរណ៍ជាច្រើនផ្សេងទៀត ដែលភ្ញៀវទេសចរណ៍មិនអាចមើលរំលង ដែលមានដូចជា៖
-សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប
សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប មានចម្ងាយ ៩៥គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ សហគមន៍អេកូទេសចរណ៍កោះសាមសិប ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ និងត្រូវបានបោះឆ្នោតជ្រើសរើសគណៈកម្មការដឹកនាំសហគមន៍នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការសម្របសម្រួលដោយ អង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើកម្ពុជា (NTFP-EP) និងមានកិច្ចសហការពីអាជ្ញាធរឃុំ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ក្រោមកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) និងគាំទ្រថវិកាដោយទីភ្នាក់ងារសហប្រតិបត្តិការស្វីសដើម្បីការអភិវឌ្ឍន៍ (SDC)។
សហគមន៍អេកូទេសចរណ៍កោះសាមសិបបង្កើតឡើងដោយផ្អែកទៅលើធនធានសក្តានុពលរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទខ្សាច់លាវ កោះខ្ញែរ និងពន្ធជា។ សហគមន៍នេះ សម្បូរទៅដោយព្រៃឈើជាច្រើនប្រភេទ ភាគច្រើនជាប្រភេទព្រៃរបោះ និងពាក់កណ្តាលស្រោង ដែលជាជម្រកសត្វព្រៃដ៏សំខាន់ដូចជា សត្វខ្ទីង ប្រឺស ជ្រូកព្រៃ ក្ងោក ត្មាត ត្រយ៉ងចង្កំកស សម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប។ល។ ចំណែកក្នុងដែនសហគមន៍នេសាទទាំងបីវិញ សម្បូរទៅដោយអន្លង់ទឹកជ្រៅ ទឹកជួរ សំបូរកោះ និងព្រៃលិចទឹកដែលជាជម្រកត្រីពងកូនដ៏សំខាន់។ ជារួម ក្នុងតំបន់នេះសម្បូរ ទៅដោយធនធានធម្មជាតិដូចជា ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងប្រពៃណីជនជាតិដើមភាគតិច។ល។ ក្រៅពីនេះប្រជាជនក្នុងតំបន់មានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ មានសុជីវធម៌ មិនកេងបន្លំគ្នាដែលជាគំរូដ៏ល្អ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រសិនបើបានទៅកម្សាន្តនៅសហគមន៍អេកូទេសចរណ៍មួយនេះ អាចជិះទូកមើលសត្វស្លាបច្រើនប្រភេទ បោះតង់នៅលើកោះដែលរៀបចំដោយប្រធានសហគមន៍ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ និងពិសារអាហារដែលរៀបចំដោយប្រជាសហគមន៍ ក៏ដូចជាមានផ្ទះស្នាក់សហគមន៍ផងដែរ។
– សហគមន៍អេកូ-ទេសចរណ៍កោះផ្តៅ
សហគមន៍អេកូ-ទេសចរណ៍កោះផ្តៅ មានចម្ងាយ ៤៥គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ កោះផ្តៅ និងសំភិន គឺជាភូមិពីរក្នុងចំណោមភូមិដទៃទៀតដែលស្ថិតនៅលើកោះរងាវ ហើយកោះរងាវ ជាកោះមួយដែលវែងជាងគេបំផុតក្នុងចំណោមកោះដទៃទៀត មានប្រវែង ៤៥គីឡូម៉ែត្រ ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ។ ភូមិទាំងពីរនេះស្ថិតនៅក្នុង ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ តាមបណ្តោយដងទន្លេមេគង្គភាគខាងជើង។ ដើម្បីទៅដល់ភូមិនេះអ្នកធ្វើដំណើរត្រូវធ្វើដំណើរតាមផ្លូវគោកប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះទៅកាន់ស្រុកសំបូរ និងបន្តដំណើរតាមទូកពីស្រុកសំបូរទៅភូមិទាំងពីរខាងលើចម្ងាយ ៦គីឡូម៉ែត្រទៀត។
នៅក្នុងតំបន់នេះសម្បូរទៅដោយធនធានធម្មជាតិដូចជា សត្វផ្សោតទន្លេមេគង្គ ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទរស់នៅក្នុងទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម។ ក្រៅពីនេះប្រជាជនក្នុងតំបន់នេះមានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ភ្ញៀវ មានសុជីវធម៌ មិនកេងបន្លំគ្នាដែលជាគំរូដ៏ល្អ។ ភ្ញៀវទេសចរអាចជិះទូកទស្សនាសត្វផ្សោត និងសត្វស្លាបច្រើនប្រភេទ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ ជិះម៉ូតូឌុបសហគមន៍ ជួលកង់ជិះទស្សនាសហគមន៍ ចូលរួមសកម្មភាព ជីកស្រះត្រី ស្រះកង្កែប ធ្វើទ្រុងមាន់ ទា និងសកម្មភាពដាំដុះផ្សេងៗ។ នៅទីនោះក៏មានផ្ទះស្នាក់ និងម្ហូបអាហារ ដែលចម្អិនដោយប្រជាសហគមន៍ផងដែរ។
– សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់
សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់ គឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១ គីឡូម៉ែត្រ ។ កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់ ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ ។ កោះនេះមានភូមិចំនួន២ មានផ្ទៃដីសរុបទំហំ ២២៣ហិចតា មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ព្រោះកោះនេះមានដីសម្បូរទៅដោយជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។
កោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិ មួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតក្នុងខេត្តក្រចេះ។ កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកម្សាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ។
សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់បានក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ ជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កោះទ្រង់មានផ្ទះស្នាក់សហគមន៍ ម្ហូបអាហារ សួនបន្លែ និងមានម៉ូតូឌុប រទេះសេះ រទេះគោ ជួលកង់ជិះកម្សាន្តជុំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឹករបស់ជនជាតិវៀតណាម ហើយទេសចរក៏អាចបោះតង់លើឆ្នេរខ្សាច់(ឆ្នេរផ្តើមស្នេហ៍)ដ៏ស្រស់ស្អាត អាចមើលឃើញសម្រស់ក្រុងក្រចេះនាពេលរាត្រីទៀតផង។
-វត្តវិហារបុរាណរកាកណ្ដាល
វត្តវិហារបុរាណរកាកណ្ដាល មានអាយុកាលប្រមាណ២០០ឆ្នាំមកហើយ ហើយជាវិហារចាស់ជាងគេដែលនៅសេសសល់សព្វថ្ងៃ ។ វត្តនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ជាប់មាត់ទន្លេចម្ងាយ ២គីឡូម៉ែត្រ ខាងត្បូងទីរួមខេត្តក្រចេះ ។ នៅឆ្នាំ២០០១ សម្ព័ន្ធសិប្បកម្មនៃប្រទេសអាឡឺម៉ង់ បានជួយជួសជុលកែលម្អឡើងវិញតាមលំនាំចាស់ទាំងស្រុងហើយបានបើកទ្វារជូនភ្ញៀវទេសចរចូលទស្សនា និងទិញវត្ថុអនុស្សាវរីយ៍ ពីស្លឹកទ្រាំង និងផ្ដៅ ដែលផលិតដោយសហគមន៍នៅតំបន់នោះ ប៉ុន្តែសព្វថ្ងៃផ្អាកដំណើរការហើយ ។
– រមណីយដ្ឋានភ្នំសំបុក
រមណីយដ្ឋានភ្នំសំបុក ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ចម្ងាយ ១គីឡូម៉ែត្រ តាមផ្លូវខេត្តលេខ៣៧៧ ទៅស្ទឹងត្រែង ស្ថិតនៅ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ភ្នំសំបុក ជាកូនភ្នំតូចមួយមានកម្ពស់ប្រមាណ ៧០ម៉ែត្រ ស្ថិតនៅ ២០០ម៉ែត្រខាងកើតផ្លូវ ។ ខាងស្ដាំដៃ មានផ្លូវតូចមួយក្រាលក្រួសក្រហម ចូលទៅដល់ជើងភ្នំ ។ទីភ្នំដុះទៅដោយរុក្ខជាតិជាច្រើនប្រភេទ ដែលមានវាយឈ្មោះ នៃប្រភេទរុក្ខជាតិនីមួយៗ ភ្ជាប់ទៅនឹងដើម។ ទីភ្នំមាន៣ថ្នាក់និងមានជណ្ដើរថ្មឡើង៣ជាន់។ ភ្ញៀវអាចឡើងទៅដល់ជាន់ទី១តាមជណ្ដើរថ្ម ឬបើករថយន្ដឡើង វង់តាមផ្លូវចាក់ស៊ីម៉ង់បាន។ នៅលើភ្នំមានកូនវិហារ កុដិ និងតូបជាច្រើនដែលជាទីស្នាក់អាស្រ័យរបស់ ព្រះសង្ឃ និង តាជី យាយជី។ ជាន់នីមួយៗមានផ្លូវព័ទ្ធជុំវិញ និងមានបង់សម្រាប់ភ្ញៀវអង្គុយយកខ្យល់អាកាសត្រជាក់បរិសុទ្ធ អាចគយគន់ទិដ្ឋភាពស្រែចំការ ភូមិអ្នកស្រុក និងទន្លេមេគង្គ ។
លើសពីនេះភ្ញៀវក៏អាចដើរកម្សាន្តលើភ្នំដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពវាលស្រែ ព្រៃព្រឹក្សា និងដងទន្លេមេគង្គដ៏ស្រស់ស្អាតផងដែរ។ រមណីយដ្ឋានភ្នំសំបុក ក៏ជាទីកន្លែងសក្ការៈបូជា និងធ្វើសមាធិ(វិបស្សនា) សម្រាប់អ្នកមានជំនឿ និងគោរពព្រះពុទ្ធសាសនា ទៀតផង។ តាមការនិទាន កាលដើមឡើយជើងភ្នំសំបុកមានរ៉ែមាសយ៉ាងច្រើន រហូតដល់ជាងទងស្ដេចទៅធ្វើគ្រឿងអលង្កានៅទីនោះ ។ ប្រជាជនក៏ហៅទីនៅថា សំបុកមាស រួចក្រោយមកក៏ក្លាយជា ភ្នំសំបុកមកទល់សព្វថ្ងៃនេះ ។
– រមណីយដ្ឋានវត្តវិហារសសរ១០០
រមណីយដ្ឋានវត្តវិហារសសរ១០០ ជារមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦ គីឡូម៉ែត្រ ពីទីរួមខេត្ត។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧ ។ វិហារសសរ ១០០ ត្រូវបានសាងសង់លើកដំបូងក្នុងសតវត្សទី១៦ ដោយព្រះបាទច័ន្ទរាជា ដោយសង់ពីឈើដែលមានសសរចំនួន ១០០ដើម។ នៅសម័យប៉ុលពត ព្រះវិហារត្រូវបានរុះរើបំផ្លាញអស់មួយភាគធំ។ ហើយក្រោយមក វិហារនេះត្រូវបានជួសជុលជាបន្តបន្ទាប់ ដោយសាងពីឥដ្ឋលើទីតាំងចាស់ដែលមានសសរចំនួន១២៦ដើម។
– រមណីយដ្ឋាន តាព្រហ្ម
រមណីយដ្ឋាន តាព្រហ្ម ជារមណីយដ្ឋានធម្មជាតិ ចម្ងាយ ៦៥គីឡូម៉ែត្រ ពីខេត្តក្រចេះ ស្ថិតនៅ ភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។ រមណីយដ្ឋាន តាព្រហ្ម មានព្រែកមួយដែលមានទឹកថ្លាយង់នារដូវប្រាំង អមដោយទេសភាពព្រៃព្រឹក្សាដុះអមសងខាងព្រែកយ៉ាងស្រស់ស្អាត និងមានដើមឫស្សីដុះទេរជាជួរនៅផ្នែកខាងលើនៃព្រែកយ៉ាងស្រស់ស្អាតផងដែរ ។ សម្រាប់ភ្ញៀវទេសចរអាចសម្រាកលម្ហែ ពិសារអាហារថ្ងៃត្រង់ជាលក្ខណៈគ្រួសារ និងមុជទឹកលេងកម្សាន្ត។
– រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី
រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅលើដងទន្លេមេគង្គចម្ងាយ ១៦ គីឡូម៉ែត្រ តាមផ្លូវលេខ៣៧៧ ខាងជើងទីរួមខេត្ត និងមានទីតាំងស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ តំបន់នេះ ជាកន្លែងប្រជុំកូនកោះតូចៗជាច្រើន ព្រមទាំងមានឆ្នេរខ្សាច់ និងជ្រលងទឹកហូរជាច្រើនសណ្ឋាន មានដើមរៃ ដើមរាំង និងទឹកទន្លេថ្លាយង់នារដូវប្រាំងអាចឱ្យភ្ញៀវទេសចរមុជលេងកម្សាន្តបានយ៉ាងសប្បាយ។
រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី មានលក្ខណៈជារដូវកាលគឺភ្ញៀវអាចទៅលេងកម្សាន្តបានតែក្នុងរដូវប្រាំង គឺចាប់ពីខែមករា ដល់ខែឧសភា តែប៉ុណ្ណោះ។ ភ្ញៀវនិយមទៅលេងកម្សាន្តច្រើនជាងគេបំផុតជាពិសេសនៅរដូវបុណ្យចូលឆ្នាំខ្មែរ និងបុណ្យចូលឆ្នាំ ចិន-វៀតណាម ដែលមានភ្ញៀវមកពីគ្រប់ខេត្ត-ក្រុង រាប់ម៉ឺននាក់។
ក្រៅពីងូតទឹកលេងកម្សាន្តហើយនោះ អ្វីដែលកាន់តែទាក់ចិត្តភ្ញៀវទេសចរថែមទៀត គឺជារសជាតិត្រីធម្មជាតិ ប្រចាំតំបន់នេះគឺមានដូចជា ត្រីក្របី ត្រីក្អែក ត្រីប៉ាវាមុខពីរ ត្រីព្រួល និងចាក់ច្រែង ដែលអាចយកទៅធ្វើម្ហូបពិសេសប្រចាំតំបន់មានដូចជា ត្រីដុត ត្រីបំពង ស្ងោជ្រក តាមតម្រូវការ។ ចាក់ច្រែងជាប្រភេទខ្ចៅម្យ៉ាង មានគូទស្រួចវែង ដែលមាននៅក្នុងតំបន់កាំពី ឯត្រីក្របី ត្រីខ្យា ត្រីធំៗ ប្រជាពលរដ្ឋនៅទីនោះនេសាទបាន ហើយយកប្រោះទុកក្នុងទ្រុង សម្រាប់ធ្វើម្ហូបជូនភ្ញៀវ ៕