ការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតឡានអគ្គិសនី VinFast របស់វៀតណាម នៅលើការចុះបញ្ជីកាលពីថ្ងៃអង្គារ បានបន្ថែម 39 ពាន់លានដុល្លារដល់ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីមានបំផុតរបស់វៀតណាម និងជាប្រធានក្រុមហ៊ុន Vingroup គឺលោក Pham Nhat Vuong។
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Vuong ឥឡូវនេះមានចំនួន 44.3 ពាន់លានដុល្លារ នេះបើយោងតាមការវាស់សន្ទស្សន៍មហាសេដ្ឋីរបស់សារព័ត៍មាន Bloomberg ។ លោក Vuong បានក្លាយជាអ្នកមានបំផុតក្នុងប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ក្រុមហ៊ុន VinFast បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួននៅលើផ្សារហ៊ុន Nasdaq នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ក្នុងតម្លៃ ក្រុមហ៊ុនចំនួន 85 ពាន់លានដុល្លារ ច្រើនជាងទីផ្សាររបស់ក្រុមហ៊ុន Ford ដែលមានចំនួន 48 ពាន់លានដុល្លារ និងក្រុមហ៊ុន General Motor មាន 46 ពាន់លានដុល្លារ។
VinFast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនធំជាងគេរបស់វៀតណាម Vingroup បានទទួលការយល់ព្រមសាងសង់រោងចក្រផលិតរថយន្តតម្លៃ 4 ពាន់លានដុល្លារនៅរដ្ឋ North Carolina ក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់វៀតណាមមួួយនេះ បានដឹកជញ្ជូនរថយន្តអគ្គិសនីជិត 3,000 គ្រឿងទៅកាន់សហរដ្ឋអាមេរិក ដែលរំពឹងថានឹងក្លាយជាទីផ្សារដ៏សំខាន់មួយរបស់ខ្លួន៕