fbpx

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងពិនិត្យរៀបចំពិធីបុណ្យសពជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ

អត្ថបទដោយ រាជ មេសា
92 views

នាព្រឹកថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងពិនិត្យរៀបចំពិធីបុណ្យសព និងទីកន្លែងសម្រាប់បញ្ចុះសពរបស់លោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ផ្នែកចាប៉ីដងវែង ទៅតាមប្រពៃណីសាសនានិងស័ក្តិសមបំផុតចំពោះកិត្តិយសរបស់លោកព្រឹទ្ធាចារ្យ។

ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកជំទាវបណ្ឌិតសភាចារ្យ បាននាំនូវការផ្តាំផ្ញើចូលរួមរំលែកនូវមរណទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់នូវស្វាមី លោកឪពុក និងជីតា ដែលជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូន ចៅ និងជាការបាត់បង់នូវធនធានមនុស្ស ជាព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏មានកេរ្តិ៍ឈ្មោះមួយរូបទាំងលើឆាកជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា កម្មវិធីបុណ្យសពរបស់លោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ប្រារព្ធធ្វើនៅគេហដ្ឋាន ស្ថិតនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត៕

អត្ថបទពាក់ព័ន្ធ