fbpx

Meta ត្រូវប្រទេស១ គំរាមប្តឹង ផាកលុយ ១សែនដុល្លារ ពីបទលួចទិន្នន័យអ្នកប្រើប្រាស់

អត្ថបទដោយ រាជ មេសា
382 views

ទីភ្នាក់ងារការពារទិន្នន័យរបស់ប្រទេសន័រវេសបាននិយាយកាលពីថ្ងៃច័ន្ទ ថា ខ្លួននឹងហាមឃាត់ម្ចាស់ Facebook និង Instagram គឺក្រុមហ៊ុន Meta ពីការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដើម្បីវិភាគសម្រាប់គោលដៅនៃការផ្សាយពាណិជ្ជកម្ម។

ប្រទេសន័រវេស បានគំរាមពិន័យជាប្រាក់ចំនួន 100,000 ដុល្លារអាមេរិក ជារៀងរាល់ថ្ងៃប្រសិនបើ ក្រុមហ៊ុន Meta នៅតែបន្តប្រើប្រាស់ព័ត៍មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដែលវាប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធឯកជនភាព។

ការអនុវត្តអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត នៅទូទាំងទ្វីបអឺរ៉ុបជុំវិញការព្រួយបារម្ភអំពីឯកជនភាព (data privacy) ដោយមានការផាកពិន័យយ៉ាងច្រើនទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

អង្គការឃ្លាំមើលរបស់ប្រទេសន័រវេស ឈ្មោះ Datatilsynet បាននិយាយថា Meta ប្រើប្រាស់ព័ត៌មានដូចជាទីតាំងរបស់អ្នកប្រើប្រាស់ ខ្លឹមសារដែលពួកគេចូលចិត្ត និងការបង្ហោះរបស់ពួកគេសម្រាប់ ធ្វើការវិភាគដើម្បីកំណត់ឱ្យចំគោលដៅនៃការផ្សាយពាណិជ្ជកម្មរបស់ខ្លួន៕

អត្ថបទពាក់ព័ន្ធ