fbpx

រដ្ឋមន្រ្ដីក្រសួងព័ត៌មានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទទួលស្គាល់សមត្ថភាព និងទេពកោសល្យរបស់ជនមានពិការភាព ដោយគ្មានការរើសអើង

អត្ថបទដោយ ពិទូ
102 views

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទទួលស្គាល់សមត្ថភាព និងទេពកោសល្យរបស់​ជនមានពិការភាព ដោយគ្មានការរើសអើង​គ្រប់​ទម្រង់ចំពោះអ្នកដែលមាន​ពិការ​ភាព ដោយចាត់ទុកបងប្អូនដែលមានពិការភាព ជាធនធានមនុស្សរបស់សង្គមយើង ចូលរួមជា មួយគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្តទៅមុខទៀត។ ការស្នើសុំរបស់រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មានបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌​មាន និង​ចម្រៀងសម័យ ដល់បុគ្គលិក ជនមានពិការភាពភ្នែក និងកាយសម្បទា នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពិការភ្នែក និងសមាគមតន្ត្រីសំនៀងជនពិការ ស្ថិត​នៅភូមិជុំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងថា ជនមានពិការភាពគ្រប់ៗរូប ក៏មានសិទ្ធិទទួលបាននូវការស្រឡាញ់ រាប់អាន មានឱកាសចូលរួមរាល់សកម្មភាពនានាក្នុងសង្គមស្មើៗគ្នា និងទទួលបាននូវការផ្តល់តម្លៃ​ពេញលេញ ហើយទាំងនេះជាចំណែកនៃកោសិកាសង្គមដែល មិនអាចខ្វះបាន។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការអរគុណដល់សមាគមតន្ត្រីសំនៀងជនពិការ ដែលបានរៀបចំវគ្គបណ្តុះបណ្តាល ការអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដើម្បីលើកកម្ពស់សមត្ថភាពជនមានពិការភាព ភ្នែក និងកាយ​សម្បទា។ ឯកឧត្តមបានចាត់ទុកវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង​ដើម្បីពង្រឹងសមត្ថ​ភាព បុគ្គលិក សមាជិក សមាជិកា ជនមានពិការភាពភ្នែក និងកាយសម្បទា ឱ្យមានជំនាញវិជ្ជាជីវៈ​ច្បាស់​លាស់ ដើម្បីឱ្យ​មានលទ្ធភាព និងឱកាសក្នុងការស្វែងរកការងារនៅតាមស្ថានីយវិទ្យុ ទូរទស្សន៍​រដ្ឋ និងឯកជន ភោជនីយដ្ឋាន ក្លឹបកម្សាន្ត រង្គសាល រមណីយដ្ឋាន ការប្រគំតន្រ្ដី និងតាមតំបន់​ទេស​ចរណ៍នានា។

ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា​ប្រធាន​សមាគមតន្ត្រីសំនៀងជនពិការបានជម្រាបជូនថា សមាគមបានបង្កើតឡើងតាមរយៈ​ការដឹក​នាំរបស់ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដោយមានជនពិការភ្នែក ១ក្រុម ចំនួន ១៥នាក់ រួមជាមួយឯកឧត្តម ចាប តូ ហើយរហូតមកដល់បច្ចុប្បន្ន សមាគមមាន សមាជិក​សរុបចំនួន ៧០០នាក់ ស្រី ២៩៧នាក់ ខ្លះមានមុខរបរម៉ាស្សា ចម្រៀង កាន់ឧបករណ៍តន្ត្រី សម័យ បុរាណ មន្ត្រីរាជការ សិស្ស-និស្សិត។ ឯកឧត្ដមបានបន្ដថា កន្លងមកនេះ សមាគមបានដឹកនាំកីឡាករ កីឡាការិនី ចំនួន ១៨នាក់ ចូលរួមការប្រកួត អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងនោះជន មានពិការ​ភាព​ទទួលបានមេដាយសរុបចំនួន ១២គ្រឿង (មាស០១គ្រឿង, ប្រាក់៣គ្រឿង និង សំរឹទ្ធ ០៨​គ្រឿង) ។

ឯកឧត្ដមអនុរដ្ឋលេខាធិការ និងជាប្រធាន​សមាគមតន្ត្រីសំនៀងជនពិការបានដឹងទៀតថា ឆ្នាំ២០២៣ ក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៧៧៦ នាក់ ក្នុងនោះ ស្រី ៨៦៩ នាក់ ។ ចំពោះវិស័យឯកជនចំនួន ២៤១ស្ថាប័ន មានជនមានពិការភាពចូល​បម្រើ​ការងារ ចំនួន ៣ ៧៥៩ នាក់ (ស្រី ២ ៦៣១ នាក់)។ ឯកឧត្ដមបានបន្ថែមថា សរុបទាំងស្ថាប័ន​រដ្ឋ និងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៧ ៥៣៥ នាក់ កំពុងបម្រើការងារ។

ជាមួយគ្នានេះដែរ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានលើកឡើងថា បើយោងតាមជំរឿនប្រជាជនទូទៅឆ្នាំ២០១៩-២០២៣ បានបង្ហាញថា ជនមានពិការភាពនៅ​ប្រទេស​កម្ពុជា​មានចំនួនសរុប ៦៩០ ០០០ នាក់ នៃចំនួនប្រជាជនសរុប ពួកគាត់មានពិការភាពយ៉ាងហោច​ណាស់​ក៏ផ្នែកណាមួយដែរ ក្នុងចំណោមនោះស្រ្តីពិការគឺប្រឈមនឹងបញ្ហាលំបាកច្រើន​ជាងបុរស​ពិការ។ លោកជំទាវបានបញ្ជាក់ទៀតថា ការងារពិការភាពមិនមែនជាការងាយស្រួលទេ ត្រូវធ្វើ​ដោយ​អំណត់ព្យាយាម តស៊ូមតិ ធ្វើជាមួយជនដែលពិការភ្នែក កាយសម្បទា ហើយភាគច្រើនមានការខ្វះ​ខាត​ក្រីក្រ ទាមទារឱ្យមានការចូលរួមទាំងអស់គ្នា និងប្រើបេះដូង ទឹកចិត្តដើម្បីជួយលើកកម្ពស់​ស្ថានភាពរស់នៅរបស់ពួកគាត់។

ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះការខិត​ខំប្រឹង​ប្រែងរបស់ សមាគម និងក្រុមការងារក្នុងការកសាងសមិទ្ធផលយ៉ាងច្រើន ដើម្បីឱ្យបងប្អូនជន​មាន​ពិការ​ភាពមានកន្លែង​ស្នាក់​​នៅ កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារ និងមុខរបរ ជួយ​សម្របសម្រួល និង​ដោះស្រាយរាល់ការលំបាកផ្សេងៗ ពិសេសរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ​របស់បង​ប្អូនជនមាន​ពិការភាព និងក្រុមគ្រួសាររបស់​ពួកគាត់។ ឯកឧត្តមបានថ្លែងការកោតសរសើរ​ដល់បងប្អូនជន​មាន​ពិការ​​ភាព ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងប្រកបមុខរបរចិញ្ចឹមជីវិតតាមកម្លាំង និង​សមត្ថភាព​​របស់ខ្លួន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា កត្តាទាំងនេះបានឆ្លុះបញ្ចាំងពីភាពតស៊ូ អត់​ធន់ និង​ភាព​រឹងមាំក្នុងការចូលរួមក្នុង សកម្មភាពនានានៅក្នុងសង្គមជាតិ។

ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានអំពាវនាវដល់បណ្តាស្ថាប័នពាក់ព័ន្ធនានា ចូល​រួមចំណែកក្នុងការលើកកម្ពស់ការយកចិត្តទុកដាក់លើបងប្អូនជាជនមានពិការភាព ហើយស្នើ​ឱ្យ​ស្ថាប័ន​​វិទ្យុរដ្ឋ និងឯកជន ទទួលជនមានពិការភាពចូលបម្រើការងារ ឱ្យបានក្នុងអត្រា ២% សម្រាប់ វិស័យរដ្ឋ និង ១% សម្រាប់ វិស័យឯកជន តាមអត្រាកំណត់ ក្នុងច្បាប់។ ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្រ្ដី​ក៏បាន​ស្នើឱ្យស្ថាប័នវិទ្យុ ទូរទស្សន៍ និងអង្គភាពព័ត៌មានយកចិត្តទុកដាក់បន្តផ្សព្វផ្សាយអំពីប​ញ្ហា​ពិការ​ភាព ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងដោយគ្មានការរើសអើង។ លើសពីនេះទៀតឯកឧត្ដមក៏ស្នើ ឱ្យអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ (ទទក) រៀបចំវេទិកាតុមូល ដើម្បី ពិភាក្សាអំពីបញ្ហាពិការភាព និង​ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព។

សូមជម្រាបជូនថា សម្រាប់សិក្ខាកាមជាជនមានពិការភាព ទទួលបានវិញ្ញាបនបត្រ​បញ្ជាក់ការសិក្សា​ផ្នែកអានព័ត៌មាន សរសេរព័ត៌មាន ចំនួន ៤៩ នាក់ និងផ្នែកចម្រៀងសម័យចំនួន ១៩ នាក់៕

ប្រភព : ក្រសួងព័ត៌មាន

អត្ថបទពាក់ព័ន្ធ