fbpx

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងខិតខំចេញតួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ ឱ្យបានមុនបុណ្យភ្ជុំបិណ្ឌ

អត្ថបទដោយ រាជ មេសា
185 views

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងខិតខំចេញតួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ ឱ្យបានមុនបុណ្យភ្ជុំបិណ្ឌ ខណៈដែលកិច្ចប្រជុំត្រីភាគីលើកទី២ រវាងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ជាមួយភាគីសហជីព និងនិយោជក នៅមិនទាន់បានកំណត់តួលេខប្រាក់ឈ្នួលអប្បបរមានៅឡើយទេ។

ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,០០០នាក់ ក្រោមអធីបតីភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា យោងតាមអនុសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបកិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ ឱ្យបានមុនបុណ្យភ្ជុំបិណ្ឌ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករ និយោជិត។

ឯកឧត្តម បានបន្តថា ក្រៅពីប្រាក់ឈ្មួលអប្បបរមានិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក៏ត្រូវបានកែសម្រួលនិងបង្កើនជាបន្តបន្ទាប់ផងដែរ ដើម្បីប្រយោជន៍កម្មករនិយោជិត។

 « ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានណែនាំឱ្យក្រសួងយកចិត្តទុកដាក់សម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ឱ្យបានរលូននិងបានល្អ ជាពិសេសឱ្យចេញជាលទ្ធផលនៅមុនពេលបុណ្យភ្ជុំបិណ្ឌខាងនេះ »។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសប្រគល់ភារកិច្ចជាក់ស្ដែងចំពោះមុខដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវប្រជុំ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត ផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានរួចរាល់មុនថ្ងៃភ្ជុំបិណ្ឌផងដែរ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបញ្ជាក់ថា កម្មវិធីគោលនយោបាយគន្លឹះអាទិភាពទាំង ៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧នេះ គឺត្រូវអនុវត្តភ្លាមៗក្នុងឆ្នាំ២០២៣នេះតែម្ដង គឺមិនអាចរងចាំឡើយចំពោះការងារបម្រើប្រជាពលរដ្ឋ។

សូមជម្រាបថា នៅក្នុងឆ្នាំនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានចំនួន ២០០ ដុល្លារ ក្នុង១ខែ ហើយប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ពួកគាត់ម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលចន្លោះពី២១៧ ទៅ ២២៨ដុល្លារ ក្នុង១ខែ៕

អត្ថបទពាក់ព័ន្ធ